(រីយ៉ាដ)៖ អង្គការសហប្រជាជាតិ បានឱ្យដឹងថា ភាគីជម្លោះក្នុងប្រទេសយេម៉ែន បានយល់ព្រមបន្តបទឈប់បាញ់រយៈពេល ២ខែទៀត ក្រោមលក្ខខណ្ឌដូចគ្នាទៅនឹងកិច្ចព្រមព្រៀងដើម ដែលនឹងត្រូវផុតកំណត់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២។

បទឈប់បាញ់ដែលបានចាប់ផ្តើមចូលជាធរមាន កាលពីថ្ងៃទី២ ខែមេសាកន្លងមកនេះ បានមើលឃើញការបញ្ឈប់ ប្រតិបត្តិការយោធាសំខាន់ៗ ក្នុងប្រទេសយេម៉ែន និងការវាយប្រហារឆ្លងព្រំដែន ក្នុងសង្រ្គាមដែលបានអូសបន្លាយពេល៧ឆ្នាំ រវាងក្រុមចម្រុះយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងក្រុមឧទ្ទាមហ៊ូទី (Houthi) គាំទ្រដោយអ៉ីរ៉ង់ ហើយវាក៏បានជួយបន្ធូរបន្ថយវិបត្តិមនុស្សធម៌ ដែលបានធ្វើឱ្យមនុស្សរាប់លាននាក់ ធ្លាក់ក្នុងគ្រោះអត់ឃ្លានផងដែរ។

បទឈប់បាញ់នោះ គឺជាការបោះជំហានដ៏សំខាន់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ជម្លោះ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបានបន្ថែមភាពតានតឹងដល់ទំនាក់ទំនង ដែលតឹងតែងរួចទៅហើយ រវាងទីក្រុងរីយ៉ាដ (Ryadh) និងទីក្រុងវ៉ាស៉ីនតោន។

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាប្រទេសយេម៉ែន លោក ហាន់ ហ្ក្រូនបឺគ (Hans Grundberg) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សម្រាប់រយៈពេល ២ខែកន្លងមកនេះ ប្រទេសយេម៉ែន ទទួលបាននូវអត្ថប្រយោជន៍ជាក់ស្តែង នៃបទឈប់បាញ់»។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានស្វាគមន៍ចំពោះការបន្តបទឈប់បាញ់ ហើយបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វានឹងមិនអាចសម្រេចទៅបានទេ បើគ្មានកិច្ចប្រឹងប្រែងផ្នែកការទូត នៅក្នុងតំបន់។ លោក បៃដិន បានបន្ថែមថា «អារ៉ាប៊ីសាអូឌីតបានបង្ហាញពីភាពជាអ្នកដឹកនាំដ៏ក្លាហាន ដោយបានផ្តួចផ្តើមយល់ព្រម និងអនុវត្តលក្ខខណ្ឌ នៃបទឈប់បាញ់ដែលសម្របសម្រួល ដោយអង្គការសហប្រជាជាតិ។ ប្រទេសអូម៉ង់ អេហ្ស៉ីប និងហ្ស៊កដានី ក៏បានដើរតួនាទីក្នុង ការបើកដំណើរការបទឈប់បាញ់ផងដែរ។

គួរបញ្ជាក់ថា បទឈប់បាញ់គ្នាដែលបានបន្ត នឹងអនុញ្ញាតឱ្យកប៉ាល់ដឹកឥន្ធនៈ បន្តចូលចតនៅទីក្រុងកំពង់ផែហូដៃដាស់ (Hodeidah) ហើយបន្តអនុញ្ញាតឱ្យមាន ជើងហោះហើរពាណិជ្ជកម្មមួយចំនួន ចេញពីអាកាសយានដ្ឋានក្នុងរដ្ឋធានីសាណា (Sanaa) ខណៈទីក្រុងទាំងពីរស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម Houthi ៕