(ប៉េកាំង)៖ «សូមធ្វើរឿងត្រឹមត្រូវចុះ! ធ្វើរឿងត្រឹមត្រូវ!» នាពេលថ្មីៗកន្លងទៅនេះ ខណៈពេលលោក បៃដិន ប្រធានាធិបតីអាមេរិកធ្វើដំណើរទៅដល់ទីក្រុង Uvalde រដ្ឋ Texas ដើម្បីសួរសុខទុក្ខសាច់ញាតិរបស់ អ្នករងគ្រោះស្លាប់បាត់បង់ជីវិត ក្នុងករណីបាញ់ប្រហារនៅសាលាបឋមសិក្សា Robb ប្រជាពលរដ្ឋនៅហ្នឹងកន្លែងបានស្រែកដាក់លោក បៃដិន យ៉ាងក្រេវក្រោធ ដូចពោលខាងលើ។ នេះជាសំឡេងរបស់ប្រជាជនសាមញ្ញរបស់អាមេរិក ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីអំពើហិង្សដោយអាវុធ។

មួយសប្តាហ៍មុន ករណីបាញ់ប្រហារដែលកើតឡើងនៅសាលាបឋមសិក្សា Robb បានបណ្តាលឱ្យកុមារ យ៉ាងហោចណាស់ចំនួន ១៩នាក់ និងមនុស្សពេញវ័យ២នាក់ ស្លាប់បាត់បង់ជីវិត ធ្វើឱ្យសហរដ្ឋអាមេរិកទាំងមូល និងពិភពលោកទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំង។ កាសែត «The New York Times» បានចុះផ្សាយអត្ថបទរិះគន់ថា «សូម្បីតែកុមារក៏ការពារមិនបានផង តើអាមេរិកជាប្រទេសអរិយធម៌ទេឬ?» យោងតាមស្ថិតិរបស់មជ្ឈមណ្ឌលការពារ និងសន្តិសុខដែនដីសហរដ្ឋអាមេរិក បានឱ្យដឹងថា ករណីបាញ់ប្រហារដែលកើតឡើង នៅសាលាបឋមសិក្សា Robb ជាករណីបាញ់ប្រហារលើកទី១៣៧ ដែលកើតឡើងនៅសាលារៀនអាមេរិក ចាប់ពីឆ្នាំនេះរៀងមក ហើយក៏ជាករណីបាញ់ប្រហារមួយ ក្នុងចំណោមករណីបាញ់ប្រហារដ៏ធ្ងន់ធ្ងរទាំងបី ដែលកើតឡើងនៅសាលារៀនអាមេរិក ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ពេលមុននេះ កាលពីឆ្នាំ២០១២ ករណីបាញ់ប្រហារដែលកើតឡើង នៅសាលាបឋមសិក្សា Sandy Hook បានបណ្តាលឱ្យមនុស្ស ២៦នាក់ស្លាប់បាត់បង់ជីវិត កាលពីឆ្នាំ២០១៨ ករណីបាញ់ប្រហារដែលកើតឡើង នៅអនុវិទ្យាល័យក្រុង Parkland រដ្ឋ Florida បានបណ្តាលឱ្យមនុស្ស ១៧នាក់ ស្លាប់បាត់បង់ជីវិត។ ជីវិតដ៏ស្រស់ៗបានបាត់បង់ទៅ ប្រការនេះមិនគ្រាន់តែបាននាំមក នូវការឈឺចាប់យ៉ាងខ្លាំងក្លាដល់ សាច់ញាតិរបស់ជនរងគ្រោះតែប៉ុណ្ណោះ ជាងនេះទៅទៀត ក៏សួរដេញដោលសតិសម្បជញ្ញៈរបស់ អ្នកនយោបាយអាមេរិក ដែលនិយាយពេញមាត់នូវ «ប្រជាធិបតយ្យ» និង «សិទ្ធិមនុស្ស» ទាំងនោះផងដែរ។

ក្នុងនាមជាប្រទេសមហាផុតលេខតែមួយគត់ នៅលើពិភពលោក ក្នុងរយៈពេលយូរ សូម្បីតែកុមារ អាមេរិកក៏ការពារមិនបាន តើអ្នកនយោបាយអាមេរិក មានលក្ខណៈសម្បត្តិអីមកនិយាយពី «ប្រជាធិបតយ្យ» និង «សិទ្ធិមនុស្ស»? តាមឯកសារជាសាធារណៈ បានឱ្យដឹងថា ប្រជាជនអាមេរិកត្រូវជា៤ភាគរយ ក្នុងចំនួនប្រជាជននៅទូទាំងពិភពលោក តែមានកាំភ្លើងជាង ៤រយលានគ្រឿង ត្រូវជាចំនួនជាង ៤៦ភាគរយ នៃចំនួនកាំភ្លើងរបស់ឯកជន នៅលើពិភពលោកទាំងមូល អត្រាមានកាំភ្លើងក្នុងសង្គមស៊ីវិល កាន់លំដាប់ថ្នាក់ទីមួយនៅលើពិភពលោក។ តាមស្ថិតិមិនគ្រប់គ្រាន់របស់ប្រព័ន្ធសារព័ត៌មានអាមេរិក បានឱ្យដឹងថា ក្នុងរយៈពេល១៤៥ ថ្ងៃដំបូងឆ្នាំ២០២២ អាមេរិកបានកើតមានហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំ យ៉ាងហោចណាស់ចំនួន២១៣លើក។

ទោះបីជាករណីបាញ់ប្រហារដ៏សោកវេទនា បានកើតឡើងជាបន្តបន្ទាប់ ប៉ុន្តែអ្នកនយោបាយអាមេរិក ក៏អាចឆ្លើយតបនឹងរឿងទាំងនេះ តាមរយៈរូបមន្តបីចំណុច ពោលគឺ «បន់ស្រន់ លួងលោមចិត្ត និងថ្លែងសុន្ទរកថា» តែប៉ុណ្ណោះ ។ ដើម្បីដណ្តើមបានសន្លឹកឆ្នោត អ្នកនយោបាយអាមេរិកគ្រាន់តែនិយាយ ពីបញ្ហាគ្រប់គ្រងកាំភ្លើងតាមតែមាត់ រដ្ឋាភិបាលសហរដ្ឋនិងរដ្ឋបាលតំបន់ កាន់អាកប្បកិរិយាផ្ទុយគ្នា ក្រៅពីនេះ ក្នុងមជ្ឈដ្ឋាននយោបាយ ពាណិជ្ជករផលិតកាំភ្លើងរបស់អាមេរិក បានបង្កបង្កើតខ្សែសង្វាក់ផលប្រយោជន៍ដ៏ស្មុគស្មាញ មូលហេតុទាំងនេះ បានបណ្តាលឱ្យបញ្ហាកម្លាំងហិង្សាដោយកាំភ្លើងដែលជា «ប្រហោងខ្មៅ» នៃសិទ្ធិមនុស្សរបស់អាមេរិក មានភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។

ខណៈពេលប្រទេសមួយតម្កល់ទុករដ្ឋអំណាច និងមូលធនលើអាយុជីវិតរបស់ប្រជាជន នោះពិតជានឹងបណ្តាលឱ្យកើតមាន រឿងសោកនាដកម្មសិទ្ធិមនុស្ស ជាច្រើនជាក់ជាមិនខាន។ ប្រឈមនឹងអំពើហិង្សាដោយកាំភ្លើងដែលជា «ជំងឺដ៏កាចសាហាវ» នេះ អភិបាលកិច្ចដ៏បរាជ័យរបស់រដ្ឋាភិបាលអាមេរិក ធ្វើឱ្យពិភពលោកមើលបានច្បាស់ថា អ្វីដែលហៅថា «ប្រជាធិបតេយ្យបែបអាមេរិក» ការពារប្រជាជនសាមញ្ញមិនបាននោះទេ អ្វីដែលហៅថា «ប៉មសិទ្ធិមនុស្ស» ក៏កាន់តែស្រអាប់ទៅៗរួចទៅហើយ៕
ដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន