(វ៉ាស៉ីនតោន)៖ បុរសម្នាក់បានបាញ់សម្លាប់ស្រ្តី២នាក់ នៅចំណតយានយន្ត ក្នុងបរិវេណព្រះវិហាគ្រឹស្តមួយកន្លែង ស្ថិតនៅរដ្ឋ អាយអូវ៉ា (Iowa) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) ហើយជននោះ ក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ខណៈវាគឺជាការបន្ថែមចំនួនមនុស្សស្លាប់ ៣នាក់ទៀត ទៅក្នុងហេតុការណ៍បាញ់ប្រហារជាបន្តបន្ទាប់ ក្នុងពេលមួយរយៈចុងក្រោយនេះ នៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២។

ករណីបាញ់ប្រហារខាងលើ បានកើតឡើង ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងសារសំខាន់មួយ ស្តីពីវិបត្តិអំពើហិង្សាដោយកាំភ្លើង បន្ទាប់ពីករណីបាញ់ប្រហារស្លាប់មនុស្សរង្គាលជាបន្តបន្ទាប់ បានកើតមាននៅទីក្រុង បាហ្វេឡូ (Buffalo) នៃរដ្ឋញូយ៉ក (New York), នៅទីក្រុង អ៊ូវ៉ាល (Uvalde) នៃរដ្ឋតិចសាស់, និងនៅទីក្រុងធូលសា (Tulsa) នៃរដ្ឋអូក្លាហូម៉ា (Oklahoma) ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។

សម្រាប់ករណីបាញ់ប្រហារនៅរដ្ឋ Iowa អាជ្ញាធរអាមេរិក មិនទាន់អាចផ្តល់អត្តសញ្ញាណ ឬមួយក៏ទំនាក់ទំនងរវាង បុគ្គលទាំង៣នាក់ ដែលបានបាត់បង់ជីវិតនៅឡើយទេ។ មុនហេតុការណ៍នោះតែបន្តិចប៉ុណ្ណោះ លោក បៃដិន បានអំពាវនាវឱ្យសភាអាមេរិក ចាត់វិធានការរឹតត្បិត ការប្រើប្រាស់កាំភ្លើង ដើម្បីទប់ស្កាត់បញ្ហាអំពើហិង្សាដោយកាំភ្លើង ដែលលោកផ្ទាល់ធ្លាប់ចាត់ទុកថា ជាជំងឺរាតត្បាត ពិបាកនឹងព្យាបាលមួយនៅក្នុងសង្គមអាមេរិក។

គួរបញ្ជាក់ថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សហរដ្ឋអាមេរិក ត្រូវបានអង្រួនដោយករណីបាញ់ប្រហារយ៉ាងក្រើកៗ ដែលបានផ្តាច់ជីវិត ពលរដ្ឋជនជាតិស្បែកខ្មៅចំនួន ១០នាក់ នៅរដ្ឋ New York, ក្មេងសិស្សសាលា១៩នាក់ និងគ្រូបង្រៀន២នាក់ នៅរដ្ឋ Texas ព្រមទាំងគ្រូពេទ្យ២នាក់, អ្នកទទួលភ្ញៀវម្នាក់, និងអ្នកជំងឺម្នាក់ នៅរដ្ឋ Oklahoma៕