(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃពុធនេះ បានរិះគន់ចំៗលើសេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំសហរដ្ឋអាមេរិក និងនូវែលសេឡង់ដែលបង្ហាញពី «ការព្រួយបារម្ភយ៉ាងខ្លាំង» ជុំវិញអ្វីដែលពួកគេហៅថា «ការរំលោភសិទ្ធិមនុស្ស» នៅក្នុងតំបន់ស៉ីនជាំង (Xinjiang) និង «ការលុបបំបាត់សេរីភាព» នៅក្នុងទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២។

លោក ចាវ លីជាន (Zhao Lijian) អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា សេចក្តីថ្លែងការណ៍រួមរបស់ពួកគេ បានបង្ខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសចិន និងបានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចូល កិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហើយលោកបានលើកឡើងថា បញ្ហាកោះតៃវ៉ាន់ តំបន់ស៊ីនជាំង និងទីក្រុងហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។

នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចេស៉ីនដា អាដឺន (Jacinda Ardern) ក៏បាននិយាយផងដែរថា ពួកគេនឹងលើកទឹកចិត្តឱ្យមាន ការដោះស្រាយដោយសន្តិវិធី ជុំវិញបញ្ហាច្រកសមុទ្រកោះតៃវ៉ាន់៕