(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,០១០ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីៗប្រចាំថ្ងៃនេះចំនួន ២៥១ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Yên Bái មានចំនួន ៧៨ករណី និងខេត្ត Vĩnh Phúc ចំនួន ៦១ករណី។

ក្នុងរបាយការណ៍ថ្ងៃអង្គារនេះដែរ វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីម្នាក់ទៀតផងដែរ។

គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧១៩,៣៧៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៤៦២,២៩៨នាក់ និងស្លាប់សរុបចំនួន ៤៣,០៧៩នាក់៕