(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) និងរដ្ឋមន្រ្តីការពារជាតិចិន លោក វៃ ហ្វេងហ៉ី (Wei Fenghe) អាចនឹងជួបមុខគ្នាជាលើកដំបូង កំលុងកិច្ចប្រជុំមួយ នៅឯប្រទេសសិង្ហបុរី នាខែមិថុនាខាងមុខ ចំពេលដែលភាពតានតឹង បានកើនឡើង ជុំវិញបញ្ហាកោះតៃវ៉ាន់។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីពីសារព័ត៌មានអាមេរិក Wall Street Journal នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២។

ការសែត Wall Street Journal ដោយផ្អែកលើប្រភពពីក្រុមមន្រ្តីអាមេរិក បានរាយការណ៍ថា មន្រ្តីនៃប្រទេសទាំងពីរ បាននឹងកំពុងធ្វើការជាមួយគ្នា ដើម្បីរៀបចំឲ្យមានជំនួបរវាងប្រមុខការពារជាតិរបស់ពួកគេ។ កិច្ចប្រជុំនៃមន្រ្តីជាន់ខ្ពស់ សហរដ្ឋអាមេរិក-ចិន អាចនឹងធ្វើឡើងក្នុងទម្រង់ក្រៅផ្លូវការ នាឱកាសសន្និសីទការពារជាតិ សាងរីឡា (Shangri-La) របស់ប្រទេសសិង្ហបុរី ដែលនឹងប្រព្រឹត្តទៅ នៅចន្លោះថ្ងៃទី១០-១២ ខែមិថុនា។

លោក អូស្ទីន ធ្លាប់បានបញ្ជាក់ថា លោកនឹងចូលរួមនៅក្នុងសន្និសីទនេះ។ ដោយឡែក សម្រាប់វត្តមានរបស់ លោក វៃ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការ នៅឡើយទេ ប៉ុន្តែបើតាមមន្រ្តីដែលជាប្រភពរបស់ Wall Street Journal គឺ លោក វៃ ក៏មានបំណងធ្វើដំណើរ ទៅកាន់ប្រទេសសិង្ហបុរីដែរ ដើម្បីចូលរួមសន្និសីទផងដែរ។

គួរបញ្ជាក់ថា លោក អូស្ទីន និង លោក វៃ ធ្លាប់បានជួបសន្ទនាតាមទូរស័ព្ទកាលពីខែមេសា។ បើតាមទីក្រុងប៉េកាំង ក្នុងអំលុងពេលសន្ទនាគ្នា រយៈពេល៤៥នាទី រដ្ឋមន្រ្តីការពារជាតិចិន បានបញ្ជាក់យ៉ាងច្បាស់ថា ការដោះស្រាយមិនត្រឹមត្រូវចំពោះបញ្ហាតៃវ៉ាន់ ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន អាចបំផ្លាញដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕