(ប៉េកាំង)៖ «ជក់បារីនាំឱ្យខូចសុខភាព» នេះជាពាក្យស្លោកដែលប្រជាជនទូទាំងពិភពលោកបានដឹងយ៉ាងច្បាស់។ យ៉ាងណាមិញ បច្ចុប្បន្ននៅតែមានមនុស្សជិត ៨លាននាក់ នៅទូទាំងពិភពលោក បានស្លាប់បាត់បង់ជីវិត ដោយសារការប្រើប្រាស់ថ្នាំជក់ជារៀងរាល់ឆ្នាំ។

តាមការស្រាវជ្រាវរបស់ស្ថាប័នធំៗមួយចំនួន នៅលើសកលលោក ដែលធ្វើការពាក់ព័ន្ធបញ្ហាសុខភាពសាធារណៈ បានបង្ហាញថា ការប្រើប្រើប្រាស់ផលិតផលថ្នាំជក់ បានបង្កឱ្យមានហានិភ័យខ្ពស់ដល់ សុខភាពអ្នកប្រើប្រាស់ និងអ្នកស្រូបផ្សែងបារីពីគេ។ មិនត្រឹមតែប៉ុណ្ណោះទេ ជារៀងរាល់ឆ្នាំ ថ្នាំជក់បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិយ៉ាងច្រើនផងដែរ។

តាមស្ថិតិបង្ហាញថា ប្រជាជនចិនប្រមាណ ៣០០លាននាក់បានប្រើប្រាស់ថ្នាំជក់។ អាស្រ័យហេតុនេះ ប្រទេសចិនបានដាក់ចេញ វិធានការជាច្រើន ដើម្បីជំរុញនិងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ឈប់ប្រើប្រាស់ថ្នាំជក់។ ជាក់ស្តែង ជារៀងរាល់ឆ្នាំមាន ប្រជាជនចិនលើសពី ១លាននាក់ បានស្លាប់ដោយសារជំងឺពាក់ព័ន្ធនឹង ការប្រើប្រាស់ថ្នាំជក់។ ក្រៅពីការបង្កគ្រោះថ្នាក់ ដល់អ្នកជក់បារីនិងអ្នកស្រូបផ្សែងបារីពីគេ ផ្សែងបារីក៏បានបង្កការគំរាមកំហែងដោយសម្ងាត់ និងខ្លាំងក្លាចំពោះបរិស្ថានរស់នៅ របស់យើងផងដែរ អាស្រ័យហេតុនេះ បន្ថែមពីលើពាក្យ «ជក់បារីនាំឱ្យខូចសុខភាព» នៅក្នុងទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំនេះ ប្រទេសចិនបានដាក់ចេញប្រធានបទ «ថ្នាំជក់គំរាមកំហែងដល់បរិស្ថាន»

កាលពីឆ្នាំ ២០១៦ ប្រទេសចិនបានដាក់ចេញផែនការ «ប្រទេសចិនប្រកបដោយសុខភាពល្អ ២០៣០» ដើម្បីជំរុញកិច្ចកសាង ប្រទេសចិនដែលប្រកបដោយសុខភាពល្អ និងលើកកម្ពស់កម្រិតសុខភាពរបស់ប្រជាជន ដោយបានខិតខំប្រឹងប្រែង ធ្វើឱ្យមានសុក្រឹតភាពជាបណ្តើរៗ នូវយន្តការដែលពាក់ព័ន្ធសុខភាព និងសុខមាលភាពរបស់ប្រជាជន ក្នុងនោះផ្តោតសំខាន់លើការជំរុញ ការធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធសុខាភិបាល ដោយការជំរុញអត្រាគ្របដណ្តប់ នៃរបបសន្តិសុខសង្គម ពិសេសការធានារ៉ាប់រងសុខភាព។

ក្នុងចំណោមវិធានការការពារនិងលើកកម្ពស់សុខភាពនិងសុខមាលភាពរបស់ប្រជាជនដើម្បីសម្រេចបានគោលដៅ «ប្រទេសចិនប្រកបដោយសុខភាពល្អ» ការហាមជក់បារីនៅកន្លែងធ្វើការ និងទីកន្លែងសាធារណៈ ជាចំណែកដ៏សំខាន់មួយ ព្រោះថាវាពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋទូទៅ។ ពិតមែនតែការជក់បារីវាដូចជារឿងធម្មតាទៅហើយ ក្នុងសង្គមនៃប្រទេសនានា តែជាការពិត វាមិនត្រឹមតែជាគ្រោះថ្នាក់លាក់កំបាំង ដែលបង្កហានិភ័យដល់សុខភាពរបស់អ្នកជក់ និងអ្នកស្រូបផ្សែងបារីពីគេនោះទេ ប៉ុន្តែវាក៏បានបង្កការគំរាមកំហែងដល់ បរិស្ថានរស់នៅរបស់យើងផងដែរ។

ជាក់ស្តែង ទម្លាប់ចោលកន្ទុយបារីដោយពាសវាលពាសកាល បានក្លាយជាកត្តាសំខាន់មួយដែលបំពុលដល់បរិស្ថាន ព្រោះក្នុងកន្ទុយបារីមានប្លាស្ទិក ដែលមានជាតិពុល ពេលដែលត្រូវពន្លឺថ្ងៃនិងសំណើម វានឹងបំភាយវត្ថុធាតុតូចល្អិត ដែលមានជាតិពុលចូលទៅក្នុងខ្យល់អាកាស ទឹក ដី និងចំណីអាហារដែលទាំងនេះ ជាភ្នាក់ងារចម្លងជាតិពុលចូលខ្លួនមនុស្សនិងសត្វ យ៉ាងងាយដោយយើងមិនដឹងខ្លួន។

ក្នុងន័យនេះ ការឈប់ជក់បារីគឺមានន័យថាជាការរួមចំណែកក្នុងការគាំពារសុខភាពខ្លួន គ្រួសារនិងអ្នកនៅជុំវិញ ក៏ដូចជាបរិស្ថានរស់នៅផងដែរ។ ស្របនឹងការវិវឌ្ឍនៃយុគសម័យ បារីអេឡិចត្រូនិកបានត្រូវផលិតឡើង ដែលមានមនុស្សមួយចំនួនគិតថា វាមិនសូវបង្កផលប៉ះពាល់ដល់សុខភាពនោះទេ តែតាមពិតទៅវាខុសស្រឡះ ពោលគឺបារីអេឡិចត្រូនិកក៏ធ្វើឱ្យខូចសុខភាព រហូតឈានដល់ការកើតជាជំងឺ ដែលអាចឆក់យកជីវិតអ្នកជក់ផងដែរ ពិសេសប្រសិនជាផលិតផលបារីអេឡិចត្រូនិក ដែលអន់គុណភាពឬគ្មានស្តង់ដា វាបង្កផលប៉ះពាល់ដល់សុខភាព ជាងការជក់បារីធម្មតាទៅទៀត។ ម៉្យាងវិញទៀត ការផលិតបារីអេឡិចត្រូនិកវាប៉ះពាល់ដល់ បរិស្ថានជាងការផលិតបារីធម្មតាទៅទៀត ហើយសារធាតុនៃសំណល់បារីអេឡិចត្រូនិក ក៏មិនអាចយកទៅប្រើប្រាស់ឡើងវិញផងដែរ។

ចំណែកប្រទេសកម្ពុជា ក៏បានខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ក្នុងការគ្រប់គ្រងការជក់បារីផងដែរ។ ក្រសួងសុខាភិបាលកម្ពុជា បានចេញប្រកាសជាច្រើនលើកស្តីពី ការដាក់ស្លាកបំរាមនៃការហាមឃាត់ ការជក់ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ ដើម្បីដាក់ឱ្យអនុវត្តនៅតាមកន្លែងធ្វើការ ហាង ភោជនីយដ្ឋាន ទីសាធារណៈនានាជាដើម កុំឱ្យប៉ះពាល់ដល់សុខាមាលភាពប្រជាជន ហើយនៅលើកញ្ចប់បារី ក៏ត្រូវមានដាក់ស្លាកបំរាម តាមបទដ្ឋានផងដែរ។

តាមទិន្នន័យសិក្សាស្រាវជ្រាវបង្ហាញថា ប្រជាជនកម្ពុជាប្រមាណ ១៥,០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺពាក់ព័ន្ធការប្រើប្រាស់ថ្នាំជក់ដូចជា៖ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺហើមសួត ជំងឺសរសៃឈាមបេះដូង ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងក្រោម និងជំងឺមហារីកសួតជាដើម។ ជារួម «ជក់បារីនាំឱ្យខូចសុខភាព» មិនមែនជាពាក្យសម្រាប់លម្អ លើកញ្ចប់បារីឬកន្លែងសាធារណៈនោះទេ តែជាស្នូរជួងព្រមានសម្រាប់យើងទាំងអស់គ្នា ពីព្រោះបើគ្មានសុខភាពល្អ យើងនឹងរស់នៅដោយគ្មានសុខមាលភាព និងគ្មានគុណភាពជីវិត។ ពិភពលោកគ្មានផ្សែងបារី គឺត្រូវផ្តើមចេញពីខ្ញុំនិងអ្នក ដើម្បីសុខភាពយើងទាំងអស់គ្នា៕

អត្ថបទដោយ៖ តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន