(ប៉េកាំង)៖ ថ្ងៃទី២៦ ខែឧសភា តាមម៉ោងក្នុងតំបន់ ខណៈពេលថ្លែងសុន្ទរកថាស្តីពីគោលនយោបាយ ចំពោះប្រទេសចិននៅសកលវិទ្យាល័យ George Washington របស់អាមេរិក លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានលើកឡើង ដល់សសរទ្រូងថ្មីនៃគោលនយោបាយចំពោះ ប្រទេសចិន ដែលមានខ្លឹមសារ «វិនិយោគ ចងសម័្ពន្ធមិត្តនិងប្រកួតប្រជែង»។ បើប្រៀបធៀបនឹងគោលនយោបាយនៅកាលពីមុន ពោលគឺ «ប្រកួតប្រជែង កិច្ចសហប្រតិបតិ្តការនិងការបដិបក្ខគ្នា» ឃើញថា គោលនយោបាយថ្មីនេះប្រហែលមានភាពទន់ភ្លន់ជាង ប៉ុន្តែធាតុពិតគឺប្រហាក់ប្រហែលគ្នា ដែលបានបង្ហាញថា អាមេរិកនៅតែងប់ងល់ នឹងការដាក់សម្ពាធទៅលើប្រទេសចិនដដែល គ្រាន់តែចិត្តចង់ធ្វើ តែធ្វើទៅមិនរួចតែប៉ុណ្ណោះទេ។

កាលពីខែមីនា ឆ្នាំ២០២១ បន្ទាប់ពីឡើងកាន់មុខតំណែង ខណៈពេលថ្លែងសុន្ទរកថាជាលើកដំបូង ស្តីពីគោលនយោបាយការទូត លោក Blinken បានលើកឡើងនូវគោលនយោបាយចំពោះប្រទេសចិនបីចំណុច ពោលគឺ «ប្រកួតប្រជែង កិច្ចសហប្រតិបតិ្តការនិងការបដិបក្ខគ្នា»។ អ្នកដែលចេះដឹងសុទ្ធតែសម្គាល់ឃើញថា នេះជាវិធីបំភាន់ភ្នែក សម្រាប់ដាក់សម្ពាធនិងទប់ស្កាត់ប្រទេសចិន។ ចាប់ពី «ប្រកួតប្រជែង កិច្ចសហប្រតិបតិ្តការនិងការបដិបក្ខគ្នា» កែប្រែទៅជា «វិនិយោគ ចងសម័្ពន្ធមិត្តនិងប្រកួតប្រជែង» នាពេលបច្ចុប្បន្នេះ អ្វីដែលបានកែប្រែគ្រាន់តែជា មធ្យោបាយនិងវិធីសាស្ត្ររបស់អាមេរិក សម្រាប់ទប់ស្កាត់ប្រទេសចិនតែប៉ុណ្ណោះ អ្វីដែលមិនបានកែប្រែ គឺគំនិតសង្រ្គាមត្រជាក់ និងការប៉ុនប៉ងខាងអនុត្តរភាពរបស់អាមេរិក។

បើមើលឱ្យកាន់តែល្អិតល្អន់អាចឃើញថា អ្វីដែលហៅថា «បណ្តាក់ទុនក្នុងស្រុកអាមេរិក» គឺមានគោលបំណងអភិវឌ្ឍខ្លួនឯង និងលើកកម្ពស់កម្លាំងប្រកួតប្រជែងរបស់អាមេរិក។ អ្វីដែលហៅថា «ចងសម័្ពន្ធមិត្ត» គឺមានគោលបំណង «គប់គិតជាក្រុម» ក្នុងន័យធ្វើឱ្យសម័្ពន្ធមិត្តក្លាយជាឧបករណ៍របស់អាមេរិក សម្រាប់ដាក់សម្ពាធទៅលើប្រទេសចិន។ អ្វីដែលហៅថា «ការប្រកួតប្រជែង» គ្រាន់តែជាការវេចខ្ចប់នៅខាងក្រៅ សម្រាប់ទប់ស្កាត់ប្រទេសចិនតែប៉ុណ្ណោះ។ ដូច្នេះ អាចឃើញថា ខ្លឹមសារទីមួយនិងទីពីរ ជាមធ្យោបាយ រីឯខ្លឹមសារទីបី ទើបជាគោលបំណង និយាយជារួម គឺចង់រក្សាអនុត្តរភាពបែបអាមេរិក។

ប្រការដែលគួរឱ្យផ្តោតសំខាន់ គឺក្នុងសុន្ទរកថាលើកនេះ លោក Blinken បានវាយប្រហារនិងមួលបង្កាច់ប្រទេសចិន ម្យ៉ាងទៀតលោកក៏បានអះអាងថា នឹងចៀសវាងកុំឱ្យកើតមាន «ការប៉ះទង្គិចឬសង្រ្គាមត្រជាក់ថ្មី» ជាមួយប្រទេសចិន។ ប្រការនេះបានលាតត្រដាងថា រដ្ឋាភិបាលអាមេរិកចង់ធ្វើ តែធ្វើទៅមិនរួច។

មួយរយៈពេលកន្លងទៅនេះ ក្នុងស្រុកអាមេរិកបានកើតមានទំនាស់ជាច្រើន។ ការស្ទង់ប្រជាមតិដែលក្រុមហ៊ុន Gallup ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា បានបង្ហាញថា ដោយរងឥទ្ធិពលពីការដែលក្នុងស្រុកអាមេរិក តែងតែកើតមានហេតុការណ៍បាញ់ប្រហារដោយទ្រង់ទ្រាយធំ អតិផរណាខ្ពស់បានបំបែកកំណត់ត្រា ការខ្វះខាតសម្ភារៈ និងតម្លៃប្រេងកាតបានឡើងថ្លៃជាដើម ក្នុងចំណោមអ្នកចូលរួមសម្ភាសន៍ មានមនុស្សចំនួនតែ១៦ភាគរយ ពេញចិត្តនឹងសភាពការណ៍បច្ចុប្បន្នរបស់អាមេរិក ហើយមានប្រជាពលរដ្ឋ៨៣ភាគរយសម្គាល់ឃើញថា អាមេរិកបាន «ប្រាសចាកពីផ្លូវគោចរ» រួចហើយ ។

ក្នុងបរិបទបែបនេះ លោក Blinken បានថ្លែងសុន្ទរកថាបែបនេះ ទាំងលោកបានប្រកាសថា គួរបណ្តាក់ទុនក្នុងស្រុកអាមេរិក និងញុះញង់ឱ្យសម័្ពន្ធមិត្តសហការគ្នា ទាំងលោកបានប្រកាសថា នឹងមិនធ្វើសង្គ្រាមត្រជាក់ជាមួយប្រទេសចិន គោលដៅសុទ្ធតែចង់ឱ្យអាមេរិកធូរស្រាលនិងរក្សាភាពនឹងនរសិន។ ព្រមពេលជាមួយគ្នានេះ លោកក៏បានឃោសនាបំប៉ោងពី «គំរាមកំហែងរបស់ចិន» ក្នុងន័យជួយបក្សប្រជាធិបតេយ្យដណ្តើមសំឡេងឆ្នោត ដើម្បីបម្រើដល់តម្រូវការ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក។

មិនថាអាមេរិកផ្លាស់ប្តូរពាក្យសំដី ស្តីពីគោលនយោបាយចំពោះប្រទេសចិន ដល់កម្រិតយ៉ាងណា សំខាន់គឺត្រូវមើលពីសកម្មភាពរបស់អាមេរិក។ អ្នកនយោបាយអាមេរិក ចាំបាច់ត្រូវចាប់អារម្មណ៍ដល់ថា បើសម្តែងរឿងនិយាយផ្សេងធ្វើផ្សឹងច្រើនពេក នោះពិតជានឹងធ្វើឱ្យខ្លួនមានកេរ្តិ៍ឈ្មោះអសោចជាក់ជាមិនខាន៕
ដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន