(តៃប៉ិ)៖ កងទ័ពអាកាសតៃវ៉ាន់នៅថ្ងៃអង្គារនេះ បានសម្រេចផ្អាកការហាត់រៀនហោះហើរ សម្រាប់ក្រុមអាកាសយានិកថ្មីៗ ក្រោយពីយន្តហោះហ្វឹកហ្វឺនមួយគ្រឿង បានធ្លាក់និងផ្តាច់ជីវិតពីឡុតម្នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២។

ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថា យន្ដហោះហ្វឹកហ្វឺនធុន AT-3 បានធ្លាក់កំលុងបេសកកម្មបណ្ដុះបណ្ដាលមួយ ដែលចេញដំណើរមកពី មូលដ្ឋានទ័ពអាកាស កាងសាន់ (Gangshan) ក្នុងទីក្រុងកៅសឹង (Kaohsiung) នៅភាគខាងត្បូងកោះតៃវ៉ាន់។ រីឯសាកសពរបស់ពីឡុត គឺត្រូវបានរកឃើញហើយ។ យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ពីមូលហេតុធ្លាក់នៅឡើយទេ ខណៈប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) បានបង្គាប់ឱ្យក្រសួងការពារជាតិ បើកការស៉ើបអង្កេតឱ្យហ្មត់ចត់។

គួរបញ្ជាក់ថា កាលពីខែមីនា កន្លងទៅ យន្តហោះចម្បាំងតៃវ៉ាន់ធុន Mirage 2000 បានធ្លាក់ចូលក្នុងផ្ទៃសមុទ្រ ក្បែរឆ្នេរភាគអាគ្នេយ៍របស់ដែនកោះនេះ ប៉ុន្តែក្នុងហេតុការណ៍នោះ ពីឡុតត្រូវគេជួយសង្រ្គោះបានទាន់ពេលវេលា។ ដោយឡែក កាលពីខែមករា កងទ័ពអាកាសតៃវ៉ាន់ បានផ្អាកការហ្វឹកហ្វឺនប្រយុទ្ធ សម្រាប់ក្រុមយន្តហោះ F-16 របស់ខ្លួន ក្រោយយន្តហោះធុននេះមួយគ្រឿង បានធ្លាក់ចូលក្នុងសមុទ្រ ហើយផ្តាច់ជីវិតពីឡុតម្នាក់៕