(វែលីងតោន)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចេស៉ីនដា អាដឺន (Jacinda Ardern) នឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នៅថ្ងៃអង្គារនេះ (ពេលវេលាក្នុងរដ្ឋធានីវ៉ាស៉ីនតោន) នៅឯសេតវិមាន ខណៈលោកស្រីរំពឹងថា នឹងពិភាក្សាអំពីការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២។

លោកស្រី Ardern បានគូសបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយនូវែលសេឡង់ ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនឌីស៉ីថា «ចំណុចសំខាន់សម្រាប់ពួកយើង ក្រៅពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន គឺជាស្ថានភាពនៅក្នុងតំបន់របស់យើង។ យើងនឹងលើកទឹកចិត្តឱ្យសហរដ្ឋអាមេរិកបន្ត និងពង្រឹងការចូលរួមនៅក្នុងតំបន់របស់យើង រួមទាំងការចូលរួមផ្នែកសេដ្ឋកិច្ចផងដែរ ដែលវាពិតជាមានសារៈសំខាន់ សម្រាប់តំបន់របស់យើង»

កិច្ចប្រជុំនេះ មានសារៈសំខាន់កាន់តែខ្លាំង ខណៈដែលប្រទេសនូវែលសេឡង់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានលើកឡើងពីការព្រួយបារម្ភ អំពីវត្តមានយោធាចិននៅក្នុងតំបន់ បន្ទាប់ពីមានព័ត៌មានថា ទីក្រុងប៉េកាំងបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិសុខជាមួយ ប្រទេសដែនកោះសូឡូម៉ុន (Solomon)។ ចិនត្រូវគេសង្កេតឃើញថា បាននិងកំពុងខិតខំប្រឹងប្រែង បង្កើនឥទ្ធិពលរបស់ខ្លួន ខណៈបច្ចុប្បន្នរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) កំពុងស្ថិតនៅក្នុងប្រទេសដែនកោះតុងហ្កា (Tonga) ដែលជាផ្នែកមួយនៃដំណើរទស្សកិច្ចរបស់លោក នៅឥណ្ឌូ-ប៉ាស៉ីហ្វិក។

លោកស្រី Ardern បានបន្ថែមថា ក្រៅពីការជួបជាមួយលោក បៃដិន, លោកស្រីក៏រំពឹងថា នឹងជួបជាមួយអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris), រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) និងអ្នកសម្របសម្រួលរបស់សេតវិមាន ទទួលបន្ទុកកិច្ចការឥណ្ឌូប៉ាស៊ីហ្វិក លោក ខឺត ខេមប៊ែល (Kurt Campbell) ផងដែរ។

គួរបញ្ជាក់ថា ប្រទេសទាំងពីរជាមិត្តជិតស្និទ្ធនឹងគ្នា ប៉ុន្តែជំនួបជាមួយលោក បៃដិន នាពេលកន្លងមក បានស្ថិតក្រោមភាពមិនច្បាស់លាស់ បន្ទាប់ពីលោកស្រី Ardern បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 កាលពីដើមខែនេះ ខណៈឥឡូវសមាជិកចំនួន ៣នាក់នៃគណៈប្រតិភូរបស់លោកស្រី ក៏បានធ្វើតេស្តវិជ្ជមានជំងឺនេះ ផងដែរ៕