(តៃប៉ិ)៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) បាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិក កំពុងរៀបចំផែនការលើ «ការបង្កើតកិច្ចសហប្រតិបត្តិការ» រវាងកងកម្លាំងឆ្មាំជាតិរបស់ខ្លួន និងយោធាកោះតៃវ៉ាន់ ដើម្បីធ្វើឱ្យទំនាក់ទំនងសន្តិសុខកាន់តែស៉ីជម្រៅ ចំពោះមុខការកើនឡើង នូវការគំរាមកំហែងពីប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២។

ជួបជាមួយសមាជិកព្រឹទ្ធសភាអាមេរិក លោកស្រី ថេមមី ដាកវ៉ស (Tammy Duckworth) ក្នុងទីក្រុងតៃប៉ិ លោកស្រី Tsai បានកត់សម្គាល់ថា លោកស្រី Duckworth គឺជាអ្នកឧបត្ថម្ភដ៏ធំមួយលើ សេចក្ដីសម្រេចភាពជាដៃគូកោះតៃវ៉ាន់ ដែលបានទទួលការគាំទ្រទ្វេភាគី នៅក្នុងសភាអាមេរិក បើទោះបីជាមិនទាន់ក្លាយជាច្បាប់ផ្លូវការក៏ដោយ។

លោក Tsai បាននិយាយដោយមិនបានផ្តល់ព័ត៌មានលម្អិតថា «ជាលទ្ធផល ក្រសួងការពារជាតិអាមេរិក នាពេលឥឡូវនេះ កំពុងរៀបចំផែនការបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម រវាងកងកម្លាំងឆ្មាំជាតិអាមេរិក និងកងកម្លាំងការពារកោះតៃវ៉ាន់»។ លោក Tsai បានបន្ថែមថា «យើងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការរវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែជិតស្និទ្ធ និងកាន់តែស៊ីជម្រៅលើបញ្ហាសន្តិសុខក្នុងតំបន់»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាខ្នងបង្អែកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ បើទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ។ ដោយឡែគ ចិនបាននិងកំពុងបង្កើនសកម្មភាពយោធារបស់ខ្លួន នៅក្បែរដែនទឹកកោះតៃវ៉ាន់ ដើម្បីបង្ហាញពីអធិបតេយ្យភាពរបស់ខ្លួនលើដែនកោះនេះ។

យោធាចិន បាននិយាយកាលពីសប្តាហ៍មុនថា នាពេលថ្មីៗនេះ ខ្លួនបានធ្វើសមយុទ្ធជុំវិញដែនទឹកកោះតៃវ៉ាន់ ដើម្បីទុកជា «ការព្រមានដ៏ឱឡារិក» ប្រឆាំងនឹង «ការគប់គិត» របស់កោះតៃវ៉ាន់ជាមួយសហរដ្ឋអាមេរិក។ វាបានកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើឱ្យចិនខឹងសម្បារយ៉ាងខ្លាំង ដោយបង្ហាញពីសញ្ញា នៃការផ្លាស់ប្តូរគោលនយោបាយយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក លើកោះតៃវ៉ាន់ ដោយនិយាយថា សហរដ្ឋអាមេរិក នឹងប្រើប្រាស់កម្លាំងយោធា ប្រសិនបើចិនវាយប្រហារលើកោះតៃវ៉ាន់។ ប៉ុន្តែក្រុមមន្ត្រីអាមេរិក និងលោក បៃដិន ផ្ទាល់ បានអះអាងថា មិនមានការផ្លាស់ប្តូរនៅក្នុងគោលនយោបាយនេះទេ៕