(អង់ការ៉ា)៖ ប្រធានទីប្រឹក្សាគោលនយោបាយរបស់លោកប្រធានាធិបតីតួកគី គឺលោក អ៊ីប្រ៉ាហ៊ីម កាលីន (Ibrahim Kalin) បានប្រាប់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) នៅថ្ងៃចន្ទសប្តាហ៍នេះថា តួកគីចង់បាន ចំណាត់ការជាក់ស្តែង ជុំវិញការព្រួយបារម្ភអំពីអ្វីដែលខ្លួនហៅថា «បញ្ហាក្រុមភេរវកម្ម» នៅក្នុងប្រទេសហ្វាំងឡង់ និងស៊ុយអែត មុនពេលតួកគី ពិចារណាលើសំណើសុំចូលជា សមាជិកអង្គការណាតូ (NATO) របស់ប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍ លោក តាយីប អឺដូហ្កាន់ (Tayyip Erdogan) ប្រធានាធិបតីតួកគី បានបញ្ជាក់ថា មន្រ្តីជាន់ខ្ពស់តំណាងរដ្ឋាភិបាលតួកគី និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ អំពីការស្នើសុំចូលជា សមាជិកអង្គការណាតូ របស់ហ្វាំងឡង់ និងស៊ុយអែត ក៏ដូចជាបញ្ហាសង្រ្គាមនៅអ៊ុយក្រែន។

ក្នុងជំនួបនោះ លោក កាលីន បានប្រាប់លោក ស៊ូលីវ៉ាន់ យ៉ាងដូច្នេះថា «ប្រទេសណាដែលចង់ចូលជាសមាជិករបស់ NATO ត្រូវតែគោរពនិងឲ្យតម្លៃចំពោះសម្ព័ន្ធមិត្ត លើបញ្ហាសន្តិសុខក៏ដូចជាការប្រឆាំងអំពើភេរវកម្ម។ ហ្វាំងឡង់ និងស៊ុយអែត ត្រូវតែសង្កត់ធ្ងន់ និងចាត់ទុកបញ្ហានេះជារឿងចាំបាច់ ដើម្បីចាត់វិធានការជាក់ស្តែងលើអង្គការ ឬ ភេរវជនណា ដែលបង្កការគំរាមកំហែងដល់ សន្តិសុខរបស់តួកី»

ដោយឡែក បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន, លោក ស៊ូលីវ៉ាន់ បានអំពាវនាវឲ្យតួកគីបន្តកិច្ចពិភាក្សា ដោយផ្ទាល់ជាមួយហ្វាំងឡង់ និងស៊ុយអែត ដើម្បីដោះស្រាយនូវក្តីកង្វល់នេះ ខណៈដែលសហរដ្ឋអាមេរិក នៅតែបង្ហាញការគាំទ្រចំពោះ សមាជិកភាពរបស់ប្រទេសទាំងពីរ ក្នុងអង្គការណាតូ។

គួរបញ្ជាក់ថា ប្រទេសតួកគី បានបង្ហាញជំហរជំទាស់ចំពោះ ហ្វាំងឡង់ និងស៊ុយអែត ក្នុងការចូលជាសមាជិករបស់អង្គការ NATO ក្រោមហេតុផលថា ប្រទេសទាំងពីរមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធ ឃើដ ដែលតួកគីចាត់ទុកថា ជាក្រុមភេរវករ ហើយក៏ដោយសារតែបញ្ហាដែល ហ្វាំងនិងស៊ុយអែត បានបញ្ឈប់ការនាំចេញអាវុធទៅឲ្យតួកគី កាលពីឆ្នាំ២០១៩ ផងដែរ ស្របពេលដែល ហ្វាំងឡង់ និងស៊ុយអែត បានប្រកាសថ្កោលទោសចំពោះអំពើភេរវកម្ម និងប្តេជ្ញាបើកចំហសម្រាប់កិច្ចសន្ទនា៕