(ឡុងដ៍)៖ ក្រសួងការពារជាតិអង់គ្លេស កាលពីថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅទីក្រុងឡុងដ៍) បាននិយាយថារុស្ស៉ីបានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ក្នុងការបាត់បង់កូនទាហានដ៏ច្រើនសន្ធឹកសន្ធាប់ នៅក្នុងជម្លោះរបស់ខ្លួនជាមួយអ៊ុយក្រែន ដែលនេះអាចនឹងធ្វើឱ្យយោធារុស្ស៉ីចុះខ្សោយនៅពេលអនាគត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២។

ក្រសួងការពារជាតិចក្រភពអង់គ្លេស បាននិយាយនៅលើគណនីបណ្ដាញសង្គម Twitter ថា «ការបាត់បង់កូនទាហានជា នឹងធ្វើឱ្យបញ្ហារបស់រុស្ស៉ីកាន់តែ ធ្ងន់ធ្ងរនៅក្នុងការធ្វើទំនើបកម្មការគ្រប់គ្រងយោធារបស់ខ្លួន នៅពេលអនាគត ហើយនេះក៏នឹងធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពប្រយុទ្ធនៃទាហានរុស្ស៉ីនៅក្នុង សង្រ្គាមអ៊ុយក្រែនផងដែរ។ ប៉ុន្តែ មកទល់នឹងពេលនេះមិនទាន់មានតួលេខផ្លូវការពីចំនួនទាហានរុស្ស៉ីដែលស្លាប់នៅក្នុងសង្រ្គាមនៅឡើយទេ»

គួរបញ្ជាក់ថា កងកម្លាំងរុស្ស៉ី បានបង្កើនការវាយប្រហារកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីដណ្តើមយកទីក្រុង Sievierodonetsk ដែលជាទីក្រុងសំខាន់មួយ ក្នុងតំបន់ Donbas ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន និងដែលទីក្រុងម៉ូស្គូកំពុងកំណត់គោលដៅ បន្ទាប់ពីបានបរាជ័យក្នុងការដណ្តើមយករដ្ឋធានី Kyiv នៅដើមសង្រ្គាម៕