(ប៉ារីស)៖ រដ្ឋាភិបាលបារាំង នៅថ្ងៃចន្ទសប្ដាហ៍នេះ បានអំពាវនាវឱ្យមានការស៊ើបអង្កេតមួយ បន្ទាប់ពីអ្នកកាសែតបារាំងម្នាក់ត្រូវបានសម្លាប់ នៅក្នុងប្រទេសអ៊ុយក្រែន នៅពេលរថយន្ដដែលលោកជិះនៅក្នុង និងត្រូវបានប្រើដើម្បីដឹកជម្លៀសជនស៊ីវិល នៅក្បែរទីក្រុងស៊ីវីយ៉េរ៉ូដូណេត (Sievierodonetsk) រងការវាយប្រហារដោយគ្រាប់ផ្លោង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ កំលុងបំពេញទស្សនកិច្ចក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃចន្ទសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី កាត់តេរីន កូឡូនណា (Catherine Colonna) បានបញ្ជាក់ដូច្នេះថា «បារាំងស្នើឱ្យមានការស៊ើបអង្កេតមួយឱ្យបានលឿនតាម ដែលអាចធ្វើទៅបាន និងប្រកបដោយតម្លាភាពនៅក្នុងកាលៈទេសៈដ៏សោកសៅនេះ»

គួរបញ្ជាក់ថា លោក ហ្វេដេរីគ ឡេក្ល៊ែក អ៉ីមហូហ្វ (Frederic Leclerc-Imhoff) មានអាយុ ៣២ឆ្នាំ និងបម្រើការឱ្យទូរទស្សន៍បារាំង បេអឹមអេហ្វ (BFM) គឺជាអ្នកកាសែតចុងក្រោយបំផុតម្នាក់ត្រូវបានសម្លាប់ នៅក្នុងសង្រ្គាមអ៊ុយក្រែន នៅពេលដែលលោកចុះរាយការណ៍ ព័ត៌មានដោយផ្ទាល់ជាលើកទី២ សម្រាប់ប៉ុស្តិ៍ទូរទស្សន៍ BFM នៅក្នុងប្រទេសអ៊ុយក្រែន។

ដោយឡែក បើតាមប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី លោក ឡេក្ល៊ែក អ៉ីមហូហ្វ គឺជាអ្នកកាសែតទី៣២ហើយ ដែលត្រូវបានសម្លាប់ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក៕