(នេប៉ាល់)៖ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថា សាកសពចំនួន ២១នាក់ត្រូវបានគេរកឃើញនៅកន្លែងធ្លាក់យន្តហោះ នៅតំបន់ភ្នំដាច់ស្រយាលនៃស្រុក Mustang ប្រទេសនេប៉ាល់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២។

លោក Netra Prasad Sharma ប្រធានមន្ត្រីសង្កាត់ Mustang បានប្រាប់ទីភ្នាក់ងារស៊ីនហួថា «សាកសពចំនួន ២១នាក់ត្រូវបានគេរកឃើញ ខណៈពេលដែលមនុស្សម្នាក់នៅតែបាត់ខ្លួន»

មន្ត្រី រូបនេះបាន បន្តថា សាកសព ១០ នាក់ ត្រូវ បាន បញ្ជូនតាមរយៈឧទ្ធម្ភាគចក្រ ទៅ កាន់ ទីក្រុង Kathmandu។

គួរបញ្ជាក់ថា យន្តហោះធន់តូចប្រភេទ Twin Otter បានបាត់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យ ប៉ុន្មាននាទីបន្ទាប់ពីវាបានហោះចេញពីទីក្រុង Pokhara ប្រទេសនេប៉ាល់ ឆ្ពោះទៅកាន់ទីក្រុង Jomsom ក្នុងស្រុក Mustang ។ កងទ័ពនេប៉ាល់ដែលដឹកនាំកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ បានរកឃើញកន្លែងធ្លាក់យន្តហោះកាលពីព្រឹកថ្ងៃចន្ទ។

ក្រុមហ៊ុន Tara Air ដែលជាក្រុមហ៊ុនប្រតិបត្តិករជើងហោះហើរបាននិយាយថា ក្នុងចំណោមអ្នកដំណើទាំង ១៩នាក់នៅលើយន្តហោះ មាន១៣នាក់ ជនជាតិនេប៉ាល់ ឥណ្ឌា៤នាក់ និង ២នាក់ជាជនជាតិអាល្លឺម៉ង់ រួមជាមួយសមាជិកនាវិក ៣នាក់៕