(វ៉ាសូវី)៖ វិទ្យុសាធារណៈប៉ូឡូញ កាលពីថ្ងៃអាទិត្យកន្លងទៅ បានរាយការណ៍ថា រដ្ឋាភិបាលប៉ូឡូញបានផ្តល់ ប្រព័ន្ធកាំភ្លើងធំ ហោវីតហ្សឺ (Howitzer) ធុន អេ-អេក-អេស ក្រាប (AHS Krab) ចំនួន១៨គ្រឿង ឱ្យទៅអ៊ុយក្រែន ខណៈទីក្រុងកៀវកំពុងព្យាយាមទប់ទល់ ការវាយប្រហារយ៉ាងចាស់ដៃ ពីសំណាក់យោធារុស្ស៉ីទៅលើតំបន់ដុនបាស់ នៅភាគខាងកើតប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២។

ដោយប្រឈមមុខនឹងការផ្លោងគ្រាប់ ក៏ដូចជាការបាញ់មីស៉ីលយ៉ាងខ្លាំងក្លា នៅឯតំបន់ភាគខាងកើតប្រទេសរបស់ខ្លួន អ៊ុយក្រែនបានទទូចឱ្យ សម្ព័ន្ធមិត្តលោកខាងលិច នាំគ្នាជួយផ្តល់សព្វាវុធដែលអាចវាយប្រហារចម្ងាយឆ្ងាយ ដើម្បីផ្លាស់ប្តូរស្ថានការណ៍នៃសង្រ្គាម។ ប្រព័ន្ធកាំភ្លើងធំ AHS Krab របស់ប៉ូឡូញ មានសមត្ថភាពផ្លោងគ្រាប់បានចម្ងាយអតិបរមា ៤០គីឡូម៉ែត្រ។

យោងតាមសេចក្តីរាយការណ៍ដដែល ដែលផ្អែកលើប្រភពពីរដ្ឋាភិបាលប៉ូឡូញ ទីក្រុងវ៉ាសូវីក៏បានផ្តល់ការបង្ហាត់បង្រៀនដល់ កងទ័ពអ៊ុយក្រែនប្រហែល១០០នាក់ ស្តីពីការប្រើប្រាស់ប្រព័ន្ធកាំភ្លើងធំរបស់ខ្លួនផងដែរ។ យ៉ាងណាមិញ អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ និងក្រសួងការពារជាតិអ៊ុយក្រែន មិនបានឆ្លើយតបចំពោះសំណើសុំការធ្វើអត្ថាធិប្បាយ ជុំវិញសេចក្តីរាយការណ៍នេះ នៅឡើយទេ។

គួរបញ្ជាក់ថា យោងតាមសេចក្តីប្រកាស របស់រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ គឺអ៊ុយក្រែនចាប់ផ្តើមទទួលបាន មីស៉ីលប្រឆាំងនាវាចម្បាំងប្រភេទ ហាពូន (Harpoon) ពីដាណឺម៉ាក ហើយនិងប្រព័ន្ធកាំភ្លើងធំ Howitzer ពីសហរដ្ឋអាមេរិកហើយ៕