(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo នៅថ្ងៃចន្ទនេះបានរាយការណ៍ឱ្យដឹងថា កូរ៉េខាងជើង បានសម្រេចដកចេញនូវវិធានបិទខ្ទប់ ដើម្បី ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដែលបានដាក់ចេញនៅក្នុងរដ្ឋធានីព្យុងយ៉ាងហើយ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺនេះជាលើកដំបូងបំផុតរបស់ខ្លួន កាលពីសប្តាហ៍មុន ខណៈប្រទេសនេះបាននិយាយថា ស្ថានភាពនាពេលឥឡូវនេះស្ថិតនៅក្រោមការគ្រប់គ្រងហើយ។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២។

កូរ៉េខាងជើង បានស្ថិតក្នុងការប្រយុទ្ធដ៏ក្តៅគគុកប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺ COVID-19 ជាលើកដំបូងបំផុតដែលមិនធ្លាប់មានពីមុនមករបស់ខ្លួន ដោយបានចាប់ផ្ដើមប្រកាសបិទខ្ទប់ប្រទេស ដើម្បីដាក់ប្រទេសក្នុងភាពអាសន្នក្នុងខែឧសភានេះ និងបានជំរុញឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងលើ បញ្ហាខ្វះខាតវ៉ាក់សាំង ធនធានវេជ្ជសាស្រ្ត ក៏ដូចជាវិបត្តិស្បៀងអាហារថែមទៀតផង។

Kyodo បានរាយការណ៍ដោយដកស្រង់ពីប្រភពមិនបញ្ចេញឈ្មោះនៅក្នុងទីក្រុងប៉េកាំងថា គិតត្រឹមថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ វិធានការបិទខ្ទប់ ត្រូវបានដកចេញហើយ។ ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង ដែលទទួលបន្ទុកកិច្ចការអន្តរកូរ៉េ បាននិយាយថា ខ្លួនមិនអាចបញ្ជាក់អំពីរបាយការណ៍នេះបានទេ ដោយសារប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KNCA មិនបានប្រកាសអំពីការសម្រេចចិត្តនេះឡើយ។

គួរបញ្ជាក់ថា របាយការណ៍របស់ Kyodo ធ្វើឡើងភ្លាមៗ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jung-un) បានធ្វើជាអធិបតី ក្នុងកិច្ចប្រជុំការិយាល័យនយោបាយ ដើម្បីពិភាក្សាលើការកែសម្រួលវិធានការបិទខ្ទប់ប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺ COVID-19 ដោយបានវាយតម្លៃស្ថានភាពជុំវិញការផ្ទុះឡើងនៃជំងឺនេះ ជាលើកដំបូងបំផុតរបស់ប្រទេសនេះថា «មានភាពប្រសើរឡើងវិញហើយ»