(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាការទម្លាក់គ្រាប់បែករបស់រុស្ស៉ី បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ទាំងអស់នៅក្នុងទីក្រុង ស៊ីវីយ៉េរ៉ូដូណេត (Sievierodonetsk) ខណៈការកាន់កាប់ទីក្រុងមួយនេះគឺជាគោលដៅចម្បងរបស់ទាហានរុស្ស៉ី។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២។

ថ្លែងនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «ជាលទ្ធផលនៃ ការទម្លាក់គ្រាប់បែករបស់រុស្ស៉ីលើទីក្រុង Sievierodonetsk, ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងអស់នៅក្នុងទីក្រុងទីមួយនេះត្រូវបានបំផ្លិចបំផ្លាញ ហើយ ក្នុងពេលបច្ចុប្បន្ន ការវាយដណ្ដើមយកទីក្រុង Sievierodonetsk គឺជាគោលដៅចម្បងរបស់ទាហារុស្ស៉ី»

គួរបញ្ជាក់ថា រុស្ស៉ី កំពុងបង្កើនការវាយលុកយ៉ាងខ្លាំងលើតំបន់ដុនបាស់ ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដោយកំពុងវាយរុលទៅមុខ រីឯយោធា អ៊ុយក្រែន ក៏បានឱ្យដឹងដែរថាទាហានរបស់ខ្លួនអាចនឹងដកថយចេញពីតំបន់ភាគខាងកើត ដើម្បីបញ្ចៀសកុំឱ្យក្លាយជាឈ្លើយសឹករបស់រុស្ស៉ី៕