(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា បច្ចុប្បន្នជំងឺអុតស្វា ឬ Monkeypox បានផ្តល់ហានិភ័យកម្រិតមធ្យម ចំពោះសុខភាពសាធារណពិភពលោក ក្រោយពីមានសេចក្តីរាយការណ៍អំពីជំងឺនេះក្នុងប្រទេសដែលមិនធ្លាប់ រកឃើញពីមុនមក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២។

បើតាមសេចក្តីថ្លែងការណ៍របស់ WHO, «ហានិភ័យសុខភាពសាធារណៈអាចនឹងកើនឡើងខ្ពស់ ប្រសិនបើមេរោគនេះវិវឌ្ឍន៍ទៅជាភ្នាក់ងារបង្ករោគ របស់មនុស្ស និងរាលដាលដល់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ ដូចជាកុមារតូចៗ និងអ្នកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ»

សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ករណីឆ្លងជំងឺអុតស្វាសរុបមានចំនួន ២៥៧ករណី និងករណីសង្ស័យចំនួន១២០ ដែលត្រូវបានរកឃើញក្នុងប្រទេស និងរដ្ឋជាសមាជិកចំនួន២៣ ជាទីដែលមិនធ្លាប់មានករណីជំងឺនេះកើតឡើង។ ប៉ុន្តែ រហូតមកដល់ពេលនេះ មិនទាន់មានអ្នកស្លាប់ដោយសារជំងឺនេះទេ។ ការលេចឡើងភ្លាមៗនៃជំងឺអុតស្វាក្នុងពេលតែមួយ នៅប្រទេសមិនធ្លាប់មាន គឺបង្ហាញថាមានករណីឆ្លងដែលយើងមិនបានដឹង ឬអាចមានការរាលដាលថ្មីថែមទៀត។

គួរបញ្ជាក់ថា ករណីឆ្លងជំងឺអុតស្វា ភាគច្រើនត្រូវបានរកឃើញ នៅឯចក្រភពអង់គ្លេស, អេស្ប៉ាញ និង ព័រទុយហ្គាល់ ស្របពេល WHO និយាយថា «ភាគច្រើននៃករណីដែលបានរាយការណ៍ មកទល់ពេលនេះ គឺមិនមានទំនាក់ទំនងការធ្វើដំណើរទៅកាន់តំបន់ដែលធ្លាប់មានមេរោគនេះទេ ហើយ ការរក្សាអនាម័យជាប្រចាំគឺជាវិធានការការពារដ៏ប្រសើរបំផុត»