(អ៉ីស្ដង់ប៊ូល)៖ ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ បាននិយាយថាទីក្រុងអង់ការ៉ា នឹងមិនគាំទ្រឱ្យ «ប្រទេសគាំទ្រភេរវកម្ម» ចូលជាសមាជិក បក្សសម្ព័ន្ធយោធា NATO ឡើយ ហើយការអត្ថាធិប្បាយបែបនេះត្រូវបានគេមើលឃើញថាចង់សំដៅលើប្រទេសស៊ុយអែត និងហ្វាំងឡង់។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២។

លោក អឺដូហ្កាន់ ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន ក្នុងពេលធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសតួកគី វិញកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ ក្រោយបញ្ចប់ទស្សនកិច្ចនៅអាហ្សែរបៃហ្សង់។ លោក អឺដូហ្កាន់ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ជាការពិតណាស់ យើង នឹងមិនអនុញ្ញាតឱ្យប្រទេសដែលគាំទ្រភេរវកម្មចូល NATO ឡើយ»

ការលើកឡើងបែបនេះបានបង្ហាញថាលោក អឺដូហ្កាន់នៅតែបន្តជំទាស់មិន ឱ្យស៊ុយអែត និងហ្វាំងឡង់ចូល NATO ដោយចោទថាប្រទេសទាំង២នេះ គាំទ្រគណបក្សពលករឃើដ PKK ដែលតួកគីចាប់ទុកថាជាអង្គការ ភេរវកម្ម និងបញ្ហាមួយចំនួនទៀត ក្នុងនោះរួមមានទាំងហាមឃាត់អាវុធទៅកាន់តួកគី កាលពីឆ្នាំ២០១៩ផងដែរ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ កិច្ចចរចារវាងប្រតិភូស៊ុយអែត និងហ្វាំងឡង់ជាមួយតួកគី មានការរីកចម្រើនតិចតួចប៉ុណ្ណោះ ហើយគេក៏មិន ទាន់ដឹងច្បាស់ថាតើកិច្ចពិភាក្សាបន្ទាប់ នឹងធ្វើឡើងបន្តទៀតដែរឬយ៉ាងណានោះទេ ខណៈការអនុម័តលើសមាជិកភាពណាមួយ តម្រូវឱ្យមាន ការយល់ព្រមពីបណ្ដាប្រទេសជាសមាជិក NATO ទាំង៣០ប្រទេស ឬកង់សង់ស៊ីស៕