(វីលនីញូស)៖ អគ្គលេខាធិការរង អង្គការ NATO លោក មៀសេអា ហ្សេអូអាណា (Mircea Geoana) បាននិយាយថាបក្សសម្ព័ន្ធយោធាមួយនេះ មិនចាំបាច់ស្ទាក់ស្ទើរក្នុងការដាក់ពង្រាយកងទ័ពនៅក្នុងតំបន់អឺរ៉ុបខាងកើតទៀតនោះទេ ដោយសារតែទង្វើរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២។

លោក Mircea Geoana ធ្វើការកត់សម្គាល់ខាងលើប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដោយសង្កត់ធ្ងន់ ថារុស្ស៉ីគឺជាអ្នកក្បត់សន្យានៅក្រោមកិច្ចព្រមព្រៀងរវាង NATO និងរុស្ស៉ី ឬគេស្គាល់ថា NATO-Russia Founding Act តាមរយៈការវាយប្រហារ លើអ៊ុយក្រែន ហើយបញ្ឈប់កិច្ចសន្ទនាជាមួយ NATO។ លោក Geoana បានគូសបញ្ជាក់ដូច្នេះថា «ពួកគេ (រុស្ស៉ី) បានសន្យាថាមិនឈ្លានពាន ប្រទេសជិតខាង ហើយត្រូវប្រឹក្សាយោបល់ជាប្រចាំជាមួយ NATO។ តែពួកគេមិនបានធ្វើតាមសន្យានេះឡើយ ដូច្នេះខ្ញុំគិតថាជាការពិតណាស់ កិច្ចព្រមព្រៀងនេះលែងដំណើរការហើយ ដោយសារតែរុស្ស៉ី»

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងរវាង NATO និងរុស្ស៉ី ឬ NATO-Russia Founding Act ឆ្នាំ១៩៩៧ គឺមានបំណងស្ដារទំនាក់ទំនងរវាងរុស្ស៉ី និង NATO ឡើងវិញ ដោយភាគីទាំង២ បានឯកភាពគ្នាថានឹងទប់ស្កាត់រាល់សក្តានុពលនៃការគំរាមកំហែងដែលបង្កឡើងដោយការដាក់ពង្រាយ កងទ័ពនៅក្នុងតំបន់អឺរ៉ុប ក្នុងនោះរួមមានអឺរ៉ុបកណ្ដាល និងអឺរ៉ុបខាងកើត៕