(តេហេរ៉ង់)៖ អ៉ីរ៉ង់បានបង្ហើបឱ្យដឹងពីព័ត៌មានមួយចំនួន ប៉ុន្តែមិនរួមមានព័ត៌មានទីតាំងជាក់លាក់នោះឡើយ នៃមូលដ្ឋានក្រោមដីមួយកន្លែង សម្រាប់រក្សាទុកយន្តហោះដ្រូនយោធារបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២។

ក្នុងសេចក្តីរាយការណ៍កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ស្ថានីយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ បានអះអាងថា យន្តហោះដ្រូនចម្រុះប្រភេទសរុបចំនួន ១០០គ្រឿង កំពុងត្រូវរក្សាទុក នៅក្រោមតំបន់ជួរភ្នំ ហ្សាក្រូស (Zagros) ក្នុងនោះ រួមមានទាំងយន្តហោះដ្រូនប្រភេទ អាបាប៊ីល-ហ្វាយ (Ababil-5) ដែលបំពាក់នូវមីស៉ីល កាអេម-ណាញ (Qaem-9) ដែលជាមីស៉ីលសម្រាប់បាញ់ពីអាកាសទៅលើដី យកលំនាំតាមមីស៉ីល ហ៊ែលហ្វាយអឺ (Hellfire) របស់សហដ្ឋអាមេរិក។

គួរបញ្ជាក់ថា បើតាមអ្នកសម្របសម្រួលព័ត៌មាន របស់ស្ថានីយទូរទស្សន៍ខាងលើ គឺលោកបានធ្វើដំណើររយៈពេល៤៥នាទី តាមឧទ្ធម្ភាគចក្រ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ចេញពីទីក្រុង កឺម៉ានស្សា (Kermanshah) នៅភាគខាងលិចប្រទេសអ៉ីរ៉ង់ ដើម្បីទៅកាន់មូលដ្ឋានផ្ទុកដ្រូនក្រោមដីសម្ងាត់នោះ។ កំលុងការធ្វើដំណើរ លោកត្រូវគេយកក្រណាត់ចងបិទភ្នែក ដើម្បីកុំឱ្យដឹងទីតាំង តែត្រូវបានអនុញ្ញាតឱ្យដោះចេញវិញ នៅពេលទៅដល់មូលដ្ឋាននោះ។ ឃ្លីបវីដេអូបានបង្ហាញឱ្យឃើញ ដ្រូនជាច្រើនគ្រឿង មានបំពាក់ដោយមីស៉ីល នៅតម្រៀបជួរគ្នា ខណៈ មូលដ្ឋាននោះ ត្រូវបានអះអាងថា មានជម្រៅរាប់រយម៉ែត្រក្រោមផ្ទៃដី៕