(ហែលស៉ីងគី)៖ ក្រសួងការពារជាតិហ្វាំងឡង់ កាលពីថ្ងៃពុធសប្ដាហ៍នេះបាននិយាយថា ប្រទេសហ្វាំងឡង់ និងស៊ុយអែតនឹងទិញកាំភ្លើង និងអាវុធប្រឆាំង រថក្រោះរួមគ្នា ខណៈប្រទេសក្នុងតំបន់ Nordic ទាំងពីរបានដាក់ពាក្យស្នើសុំជាផ្លូវការ ដើម្បីចូលជាសមាជិកសម្ព័ន្ធយោធា ណាតូ (NATO) នៅចំពោះមុខក្ដី បារម្ភអំពីសង្គ្រាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិហ្វាំងឡង់បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសទាំងពីរ នឹងបង្កើនកិច្ចសហប្រតិបត្តិការ របស់ពួកគេនៅក្នុងវិស័យការពារជាតិ ដោយហ្វាំងឡង់ ចូលរួមក្នុងកិច្ចព្រមព្រៀងមួយ ដើម្បីទទួលបានអាវុធប្រឆាំងរថក្រោះពីក្រុមហ៊ុនផលិតអាវុធ ស៊ុយអែត Saab Dynamics ដែលជាសាខារបស់ក្រុមហ៊ុន Saab (SAABb.ST)។

ក្រសួងបានបន្ថែមថា រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ លោក អាន់ទី កៃកកូនិន (Antti Kaikkonen) ក៏បានអនុញ្ញាតឱ្យរៀបចំសម្រាប់ការទិញរួមគ្នានៃអាវុធ ធុនតូច រួមទាំងកាំភ្លើងវែង កាំភ្លើងខ្លី និងអាវុធសម្រាប់ការការពារផ្ទាល់ខ្លួនផងដែរ។

កិច្ចព្រមព្រៀងសម្រាប់អាវុធប្រឆាំងរថក្រោះ អនុញ្ញាតឱ្យទិញនូវមីស៊ីល កាំភ្លើងខ្លី-វែង គ្រាប់រំសេវ និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀត ដោយបន្ថែមថា ការទិញនេះ កំពុងរង់ចាំការសម្រេចចិត្តវិនិយោគដាច់ដោយឡែក។

ក្រសួងបានសង្កត់ធ្ងន់ថា ការទិញអាវុធរួមគ្នានេះដែលអាចធ្វើទៅបានដោយឯកសារប្រតិបត្តិ នឹងធ្វើឱ្យប្រសើរឡើងនូវភាពអាចរកបាននៃឧបករណ៍ការពារ សំខាន់ៗនៅក្នុងប្រទេសហ្វាំងឡង់ និងស៊ុយអែត ខណៈប្រទេសទាំងពីរ នឹងអាចប្រតិបត្តិការតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មតែមួយ៕