(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាដំណើការសុំចូលជាសមាជិកអង្គការ NATO របស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ នឹងទទួលបានជោគជ័យ បើទោះបីជាមានការជំទាស់ពីប្រទេសតួគី លើសំណើរនេះក៏ដោយ។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន Al-Jazeera នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២។

ប្រទេសតួគី បានចោទប្រកាន់ស៊ុយអែត និងហ្វាំងឡង់ថារក្សាគំនិតគាំទ្រភេវករ ខណៈទីក្រុងអង់ការ៉ាក៏បានរិះគន់ទីក្រុងស្តុកខុល ចំពោះការផ្អាកលក់អាវុធ របស់ខ្លួន មកឲ្យតួគីកាលពីឆ្នាំ២០១៩ ជុំវិញការពាក់ព័ន្ធនឹងសង្រ្គាមនៅស៊ីរី។ ថ្មីៗនេះប្រធានាធិបតីតួគី លោក អឺដូហ្កាន់បានជំរុញឲ្យ NATO គោរពពី ការព្រួយបារម្ភរបស់ខ្លួនថាការបន្ថែមសមាជិក NATO អាចនាំឲ្យរុស្ស៉ីបង្កើនការវាយប្រហារលើអ៊ុយក្រែន។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីរបៀបដែលលោក បៃដិន នឹងបញ្ចុះបញ្ចូលឲ្យទីក្រុងអង់ការ៉ាទម្លាក់ការប្រឆាំងនឹងបញ្ហានេះ លោក បៃដិន បាននិយាយថា «ខ្ញុំគិតថាមិនអីទេ»។ ស្របពេលជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន ក៏បានជួបជាមួយលោក ម៉េវលូត កាវូសូគ្លូ (Mevlut Cavusoglu) នៅក្នុងទីក្រុងញូយ៉ក ដោយអ្នកទាំងពីរបានបញ្ជាក់ពីជំហរព្រួយបារម្ភលើបញ្ហា សន្តិសុខផ្សេងគ្នា។ តែសហរដ្ឋអាមេរិកជឿ ជាក់លើការសម្រេចចុងក្រោយរបស់ NATO ថានឹងគាំទ្រសមាជិកភាពថ្មីនេះ។

គួរបញ្ជាក់ថា បើតាមប្រមុខអង្គការ NATO, ស៊ុយអែត និងហ្វាំងឡង់ បានដាក់ពាក្យស្នើសុំជាផ្លូវការណ៍នៅថ្ងៃពុធសប្តាហ៍នេះ ប៉ុន្តែដំណើរការពិភាក្សា បានបរាជ័យ ដោយសារមានការជំទាស់ពីតួគី ដូច្នេះវាត្រូវការពេល ប្រហែលពីរសប្តាហ៍ដើម្បីថ្លឹងថ្លែងលើការសម្រេចស្តីពីសមាជិកភាពនេះ៕