(ឡុងដ៍)៖ រុស្ស៉ី នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថា ខ្លួនបានប្រើប្រាប់អាវុធឡាស៊ែរជំនាន់ក្រោយស៊េរីថ្មីមួយ នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បី កម្ទេចយន្ដហោះដ្រូន និងបានដាក់ពង្រាយអាវុធសម្ងាត់មួយចំនួន ក្នុងគោលបំណងទប់ទល់នឹងអាវុធដែលលោកខាងលិចបញ្ជូនឱ្យទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ១៩ ខែឧសភា ឆ្នាំ២០២២។

ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីឆ្នាំ២០១៨ បានបញ្ចេញមីស៊ីលផ្លោងអន្តរទ្វីប, នាវាមុជទឹកគ្មានមនុស្សបើកបំពាក់អាវុធនុយក្លេអ៊ែរ មីស៊ីលល្បឿនលឿនជាងសំឡេង និងអាវុធឡាស៊ែរ។ ប៉ុន្តែ គេមានព័ត៌មានតិចតួចណាស់ពីអាវុធឡាស៊ែរស៊េរីរបស់រស្ស៉ី ដែលលោក ពូទីន ផ្ទាល់ បានដាក់ឈ្មោះឱ្យថា ពែររ៉េស្វេត (Peresvet) ដោយយកឈ្មោះតាមអ្នកចម្បាំងជិះសេះអូតូដុកដ៏ល្បីម្នាក់ឈ្មោះថា អាឡិចហ្សាន់ឌឺ ពែររ៉េស្វេត (Alexander Peresvet)។

ថ្លែងនៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងមូស្គូ លោក យូរី បូរីសូវ (Yury Borisov) ជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអភិវឌ្ឍយោធា បានបញ្ជាក់ថា អាវុធឡាស៊ែរ Peresvet ត្រូវបានដាក់ឱ្យប្រើប្រាស់យ៉ាងទូលំទូលាយរួចរាល់ហើយ រីឯការធ្វើតេស្ដលើអាវុធនេះត្រូវបានធ្វើឡើង កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងការកម្ទេចយន្ដហោះដ្រូនស្ថិតនៅចម្ងាយ ៥គីឡូម៉ែត្រ ក្នុងរយៈពេលតែ ៥វិនាទីប៉ុណ្ណោះ។ បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរថាតើអាវុធឡាស៊ែរនេះកំពុងត្រូវបានប្រើនៅក្នុងប្រទេសអ៊ុយក្រែនដែរឬទេ លោក បូរីសូវ បានឆ្លើយ «Yes»។

តែយ៉ាងណាក៏ដោយ, ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានចំអកថាអាវុធឡាស៊ែរថ្មីរបស់រុស្ស៉ី ប្រៀបដូចជាអាវុធដែលពួកណាហ្ស៊ី អាល្លឺម៉ង់ធ្លាប់សម្ញែងដើម្បីបង្ការបរាជ័យ នៅក្នុងសម័យសង្រ្គាមលោកលើកទី២ តែប៉ុណ្ណោះ៕