(មូស្គូ)៖ ទីក្រុងមូស្គូបាននិយាយនៅថ្ងៃអង្គារ ទី១៧ ខែឧសភានេះថា បុគ្គលិកពីរនាក់នៃស្ថានទូតហ្វាំងឡង់ប្រចាំនៅរុស្ស៊ី នឹងត្រូវចាកចេញពីប្រទេស ដើម្បីឆ្លើយតបទៅនឹងវិធានការស្រដៀងគ្នា ដែលធ្វើឡើងដោយទីក្រុងហែលស៊ីនគី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។

ក្រសួងការបរទេសរុស្ស៉ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំនៅទីក្រុងមូស្គូ និងសម្តែងការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងការបណ្តេញអ្នកការទូតរុស្ស៊ីពីរនាក់របស់ខ្លួនកាលពីខែមេសា។

រុស្ស៉ីក៏បានចោទប្រកាន់ហ្វាំងឡង់ថា បានជ្រើសរើសយក «ផ្លូវប្រឈមមុខដាក់គ្នា» ជាមួយខ្លួន ដោយបានផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន និងបិទបាំងទង្វើឧក្រិដ្ឋកម្មរបស់អ្នកជាតិនិយមអ៊ុយក្រែនប្រឆាំងនឹងជនស៊ីវិល។

ក្រសួងការបរទេសបាននិយាយថា «ភាគីរុស្ស៊ីបានធ្វើការសម្រេចចិត្តលើ ការមិនអាចទទួលយកបាន នៃការស្នាក់នៅបន្ថែមទៀតនៅក្នុងសហព័ន្ធរុស្ស៊ីរបស់បុគ្គលិកពីរនាក់ នៃស្ថានទូតហ្វាំងឡង់នៅទីក្រុងម៉ូស្គូ»

គួរបញ្ជាក់ថា ចាប់តាំងពីប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនទាហានទៅអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ មក លោកខាងលិចបានបណ្តេញអ្នកការទូតរុស្ស៊ីរាប់សិបនាក់ ហើយរុស្ស៊ីក៏បានចាត់វិធានការសងសឹកវិញក្នុងសកម្មភាពស្រដៀងគ្នាផងដែរ។

ប្រទេសហ្វាំងឡង់មានព្រំដែនគោកប្រវែង ១,៣៤០ គីឡូម៉ែត្រជាមួយប្រទេសរុស្ស៊ី ថ្មីៗនេះបានបញ្ជាក់ពីចេតនារបស់ខ្លួនក្នុងការចូលរួមជាមួយអង្គការណាតូ បន្ទាប់ពីការមិនចូលបក្សសម្ព័ន្ធយោធាជាច្រើនទសវត្សរ៍កន្លងមក៕