(តូក្យូ)៖ ប្រទេសជប៉ុននៅថ្ងៃអង្គារនេះ បានប្រកាសថា ខ្លួននឹងចាប់ផ្តើមនូវកម្មវិធី «ទេសចរណ៍សាកល្បង» ក្នុងទម្រង់ជាកញ្ចប់ដំណើរទេសចរណ៍មួយចំនួនតូច នៅក្នុងខែឧសភានេះ ដើម្បីជាមធ្យោបាយប្រមូលព័ត៌មាន ដើម្បីឈានទៅបើក ប្រទេសឡើងវិញទាំងស្រុង សម្រាប់វិស័យទេសចរណ៍។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។

ទីភ្នាក់ងារទេសចរណ៍ជប៉ុន បាននិយាយថា ខ្លួននឹងបើកឲ្យភ្ញៀវទេសចរជាក្រុមតូចៗ ចូលមកក្នុងប្រទេស ចាប់ពីចុងខែឧសភានេះ ដែលជាការសាកល្បង ដើម្បីឈានទៅបើកព្រំដែនសម្រាប់ភ្ញៀវទេសចរ នាពេលខាងមុខ។ អ្នកទេសចរ ដែលបានចាក់វ៉ាក់សាំងរួច ចំនួនបីដង មកពីសហរដ្ឋអាមេរិក, អូស្រ្តាលី, ថៃ, សឹង្ហបុរី នឹងត្រូវបានអនុញ្ញាត ឱ្យចូលរួមក្នុងកញ្ចប់ទេសចរណ៍នេះ ដែលនឹងត្រូវ គ្រោងរៀបចំយ៉ាងតឹងរ៉ឹង។

គួរបញ្ជាក់ថា កន្លងមកនេះ ជប៉ុនបានបន្ធូរបន្ថយ វិធានការទប់ស្កាត់កូវីដ១៩ ដោយសន្សឹមៗ ដើម្បីអនុញ្ញាតឲ្យនិស្សិត និងអ្នកដំណើរធុរកិច្ចមួយចំនួន អាចចូលមកក្នុងប្រទេសបាន ប៉ុន្តែភ្ញៀទេសចរ មិនទាន់ត្រូវបានអនុញ្ញាតនៅឡើយទេ បើទោះបីជាមានការអំពាវនាវជាខ្លាំង ពីក្រុមថ្នាក់ដឹកនាំនៃវិស័យនេះក៏ដោយ។ កាលពីឆ្នាំ២០១៩ មុនពេល COVID-19 ផ្ទុះឡើង ជប៉ុនទទួលបានភ្ញៀវទេសចបរទេសសរុប ៣១.៩លាននាក់៕