(វ៉ាស៊ីនតោន)៖ ក្រុមមន្រ្តីអាមេរិក បានព្រមានដល់បណ្តាក្រុមហ៊ុននានា មិនឲ្យជួលបុគ្គលិកផ្នែកព័ត៌មានវិទ្យា (IT) មកពីប្រទេសកូរ៉េខាងជើង មកបម្រើការងារឡើយ ដោយលើកហេតុផលថាបុគ្គលិកក្រៅក្របខណ្ឌទាំងនេះ អាចនឹងទាញយកអត្ថប្រយោជន៍ ឬរកលុយ ដើម្បីជួយដល់ទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមការចុះផ្សាយ Reuters របស់ទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។

ក្នុងអនុសាសន៍មួយចេញផ្សាយដោយក្រសួងការបរទេសអាមេរិក, ក្រសួងហិរញ្ញវត្ថុ និងស្ថាប័នប៉ូលិស FBI, សហរដ្ឋអាមេរិកបានឲ្យដឹងថា «មានបុគ្គលិកផ្នែក IT របស់កូរ៉េខាងជើងរាប់ពាន់នាក់ ដែលកំពុងធ្វើការទាំងនៅក្រៅប្រទេស និងក្នុងប្រទេស ដើម្បីរកប្រាក់ចំណូលប្រគល់ឲ្យរដ្ឋាភិបាលកូរ៉េខាងជើង»។
អនុសាសន៍ដដែលបានបន្ថែមទៀតថា «បុគ្គលិកផ្នែកព័ត៌មានវិទ្យាទាំងនោះ បានទាញយកអត្ថប្រយោជន៍ពីជំនាញរបស់ខ្លួន ដូចជា អភិវឌ្ឍន៍ Software និងកម្មវិធីទូរស័ព្ទ ហើយទទួលបានអតិថិជនជុំវិញពិភពលោក រួមទាំងនៅអាមេរិកខាងជើង អឺរ៉ុប និងអាស៊ីបូព៌ា ខណៈកិច្ចខិតខំប្រឹងប្រែងនេះគឺដើម្បីគេចចេញពី ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក, អង្គការសហប្រជាជាតិ (UN) និងរកលុយសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន»

គួរបញ្ជាក់ថា បើតាមក្រុមមន្រ្តីអាមេរិក ជនជាតិកូរ៉េខាងជើងភាគច្រើនមានមូលដ្ឋានធ្វើការក្នុងប្រទេសចិន និងរុស្ស៉ី និងមួយចំនួនតូចធ្វើប្រតិបត្តិការចេញពី ទ្វីបអាហ្វ្រិក និងអាស៊ីអាគ្នេយ៍ ដោយចូលចិត្តធ្វើការជាបុគ្គលិកក្រៅក្របខណ្ឌ។ ចំណែកឯ ប្រាក់ជាច្រើនដែលពួកគេរកបានត្រូវបានរដ្ឋាភិបាលកូរ៉េខាងជើង។ ក្រុមមន្រ្តីក៏បានបញ្ជាក់ដែរថាសម្រាប់ក្រុមហ៊ុនដែលជួល និងបើកប្រាក់ឈ្នួលដល់បុគ្គលិកទាំងនោះ អាចនឹងប្រឈមមុខចំពោះផលវិបាកផ្លូវច្បាប់ បើបំពានទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកូរ៉េខាងជើង៕