(ប៉ារីស)៖ លោកស្រី អេលីហ្សាប៊ែត ប៊ន (Elisabeth Borne) ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសបារាំង ធ្វើឱ្យលោកស្រីក្លាយជាស្រ្តីបារាំង ដំបូងគេបំផុតដែលបានកាន់តំណែងមួយនេះ ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។

ការតែងតាំងលោកស្រី Elisabeth Borne ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ្សង់ កាស្ទិច (Jean Castex) សម្រេចចិត្តដាក់ពាក្យលាលែងចេញពីតំណែង នៅថ្ងៃចន្ទសប្ដាហ៍នេះ។ លោកស្រី Borne គឺជាស្ត្រីបារាំងទី២ ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រី ចាប់តាំងពីសង្រ្គាមលោកលើកទី២ បិទបញ្ចប់មក ហើយ ស្ត្រីបារាំងដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីដំបូងគេ គឺលោកស្រី អេឌីត ក្រេសសុន (Édith Cresson) ដែលបានកាន់តួនាទីនេះពីខែឧសភា ឆ្នាំ១៩៩១ ដល់ខែមេសា ឆ្នាំ១៩៩២ នៅក្រោមរដ្ឋាភិបាលរបស់លោកអតីតប្រធានាធិបតី ហ្វ្រង់ស័រ មីតតេរ៉ង់ (François Mitterand)។

គួរបញ្ជាក់ថា មុនត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីបារាំង, លោកស្រី Elisabeth Borne ធ្លាប់បម្រើការជារដ្ឋមន្ត្រីបរិស្ថាន, ដឹកជញ្ជូន និងការងារ៕