(ប៉េកាំង)៖ កាលពីថ្ងៃទី ១៤ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនចំពោះ ព្រះអង្គម្ចាស់ Mohammed ប្រធានាធិបតីថ្មីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីអបអរសាទរ ការចូលកាន់មុខតំណែងជា ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម ។

ក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរចិននិងអេមីរ៉ាតអារ៉ាប់រួមមក ទំនាក់ទំនងទ្វេភាគីមានការរីកចម្រើនយ៉ាងស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ។ ជានិច្ចកាល ភាគីទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកយ៉ាងម៉ឺងម៉ាត់ លើបញ្ហាទាក់ទិននឹងផលប្រយោជន៍ស្នូល និងបញ្ហាយកចិត្តទុកដាក់សំខាន់ៗ រវាងគ្នានិងគ្នា។ កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យ បានទទួលលទ្ធផលជាផ្លែផ្កាច្រើនសន្ធឹក។

លោក Xi បន្តថា «កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ បានទទួលលទ្ធផលគួរឱ្យកត់សម្គាល់។ ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ មានភាពកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍ ទំនាក់ទំនងរវាងចិននិងអេមីរ៉ាតអារ៉ាប់រួម ហើយមានឆន្ទៈក្នុងការខិតខំរួមជាមួយ ប្រធានាធិបតី Mohammed ដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងអេមីរ៉ាតអារ៉ាប់រួម ដើម្បីបម្រើផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ»