(ប៉េកាំង)៖ តាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិនបង្ហាញថា បើធៀបនឹង១០ឆ្នាំមុន ចំនួនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលប្រទេសចិនបានចុះហត្ថលេខា បានកើនឡើងជិតទ្វេដង ហើយវិស័យគុណភាពមានចំណុចពិសេសថ្មីៗជាច្រើនផងដែរ។
ចាប់តាំងពីឆ្នាំ២០១២ មក ប្រទេសចិនបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីចំនួន៩ ជាមួយបរទេស ហើយសមាមាត្រនៃទំនិញដែលមានពន្ធសូន្យ តាមរយៈការចរចារភាគច្រើនបានលើសពីចំនួន៩០%។ បើនិយាយពីប្រសិទ្ធភាព នៃការបោសសម្អាតគយវិញ ក្នុងឆ្នាំ ២០១៧ ពេលវេលានៃការបោសសម្អាតគយសរុប សម្រាប់ទំនិញដែលនាំចូលប្រទេសចិន គឺចំណាយពេលប្រហែល ៤ថ្ងៃ ឥឡូវនេះវាចំណាយពេលតិចជាងមួយថ្ងៃកន្លះ។ រីឯនៅឆ្នាំ ២០១៧ ការបោសសម្អាតគយសរុប នៃទំនិញនាំចេញបានចំណាយពេលប្រហែល ១២ម៉ោង ឥឡូវនេះវាចំណាយពេលត្រឹមតែ ១,២ម៉ោងប៉ុណ្ណោះ។
ក្នុងវិស័យពាណិជ្ជកម្មសេវាកម្ម នៅពេលដែលបានចូលរួមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ប្រទេសចិនបានសន្យាថានឹងបើកចំហស្ថាប័នចំនួន១០០។ នៅក្នុង កិច្ចព្រមព្រៀង RCEP ពោលគឺកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលចូលជាធរមាននៅដើមឆ្នាំ២០២២នេះ ប្រទេសចិនបានបន្ថែមការបើកចំហស្ថាប័នចំនួន២២ទៀត៕