(ប៉េកាំង)៖ យោងតាមទិន្នន័យដែលក្រសួងពាណិជ្ជកម្មរបស់ចិន ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា បានឱ្យដឹងថា ក្នុងរយៈពេល៤ខែដំបូងឆ្នាំនេះ ប្រទេសចិនបានប្រើប្រាស់ជាក់ស្តែង នូវទុនបរទេសចំនួន៤៧៨,៦១០លានប្រាក់យាន់ចិន កើនជាង២០.៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។ ក្នុងនោះ ឧស្សាហកម្មបច្ចេកទេស បានកៀរគរទុនបរទេសកើនជាង ៤៥.៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ខ្ពស់ជាង២៥.១ភាគរយ បើប្រៀបធៀបនឹងកម្រិតកំណើនជាមធ្យម ក្រៅពីនេះ គម្រោងថ្មីៗដែលតាមកិច្ចព្រមព្រៀង ទុនបរទេសនឹងចុះវិនិយោគលើសពី ១រយលានដុល្លារអាមេរិក មានចំនួន១៨៥ ពោលគឺគិតជាមធ្យម ជារៀងរាល់ថ្ងៃ បានចុះហត្ថលេខាលើគម្រោងទុនបរទេសធំៗចំនួន១.៥។ ប្រការទាំងនេះសុទ្ធតែបង្ហាញយ៉ាងពេញលេញថា ប្រទេសចិនកៀរគរទុនបរទេសមានលក្ខណៈពិសេសយ៉ាងលេចធ្លោ គឺមានកំណើនលឿន មានប្រាក់ទុនច្រើនហើយមានស្ថិរភាព។
ប្រឈមនឹងកត្តាហួសពីការប៉ាន់ប្រមាណ ដូចជាជំងឺកូវីដ១៩ បានរីករាលដាលទាំងក្នុងស្រុកនិងអន្តរជាតិសាចុះសាឡើង និងស្ថានការណ៍អន្តរជាតិ មានភាពមិនប្រាកដប្រជា កាន់តែច្រើនឡើងៗជាដើម ទុនបរទេសបាន «ធ្វើការបោះឆ្នោតតាមរយៈជើងរបស់ពាណិជ្ជករ» ដោយបានបញ្ជាក់ថា ប្រទេសចិននៅតែជាគោលដៅពេញនិយម សម្រាប់ការបណ្តាក់ទុនរបស់ពាណិជ្ជករបរទេសដដែល។

ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារបានរងឥទ្ធិពលពីការវាយប្រហារពីជំងឺកូវដី១៩ និងការសម្របសម្រួលនៃការចាត់ចែងនិងរៀបចំ នៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់លើសកលលោក បានជាការវិនិយោគពហុជាតិនៅទូទាំងពិភពលោក បានរងផលប៉ះពាល់ខ្លាំងបង្គួរ ប៉ុន្តែការប្រើប្រាស់ទុនបរទេសរបស់ចិន នៅតែរក្សាកំណើនយ៉ាងនឹងនរជាប់ជានិច្ច។ សភាពការកៀរគរទុនបរទេសរបស់ចិន ក្នុងរយៈពេល៤ខែដំបូងឆ្នាំនេះ បានរក្សានិន្នាការណ៍ដ៏ល្អប្រសើរ។ ការពិតជាក់ស្តែងបានបង្ហាញថា មិនថាមនុស្សមួយចំនួនឃោសនាបំប៉ោងពីពាក្យសំដីស្តីពី «ទុនបរទេសដកចេញពីចិន» ក៏ដោយ ក៏ត្រឹមតែជារឿងគួរឱ្យអស់សំណើចប៉ុណ្ណោះ។

ហេតុអ្វីបានជាទុនបរទេស មានសុទិដ្ឋិនិយមយ៉ាងមុតមាំចំពោះប្រទេសចិន? កត្តាទាំងពីរដែលទាក់ទាញក្រុមហ៊ុនពហុជាតិជាងគេ គឺទីផ្សារចិននិងកំណើនសេដ្ឋកិច្ច។

នៅត្រីមាសទីមួយឆ្នាំនេះ ផលិតផលក្នុងស្រុកសរុបរបស់ចិនបានកើនជាង ៤.៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២១។ តួលេខនេះត្រូវប្រព័ន្ធសារព័ត៌មានជាច្រើនវាយតម្លៃថា «បានលើសពីការប៉ាន់ប្រមាណ»។ ពិតមែនតែប្រឈមនឹងការសាកល្បងជាច្រើនក៏ដោយ ក៏ប៉ុន្តែនិន្នាការល្អប្រសើរនៃសេដ្ឋកិច្ចចិន ដែលមានស្ថិរភាពក្នុងរយៈពេលយូរមិនបានកែប្រែដែរ។ ក្នុងបរិយាកាសប្រកបដោយស្ថិរភាពនិងកំណើន សហគ្រាសទុនបរទេសនឹងទទួលបាន «អារម្មណ៍សុវត្ថិភាព» កាន់តែច្រើន។

ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក ប្រទេសចិនបានពង្រីកការបើកទូលាយ ទៅកាន់បរទេសប្រកបដោយកម្រិតខ្ពស់ឥតឈប់ឈរ។ ជាពិសេស ប្រទេសចិនបានអនុវត្ត «ច្បាប់ស្តីពីការវិនិយោគរបស់ពាណិជ្ជករបរទេស» ដើម្បីបន្តខិតខំប្រឹងប្រែងកែសម្រួល ប្រព័ន្ធរបបសម្រាប់ការបើកទូលាយ និងសកម្មឆ្លើយតបនឹងសំណូមពររបស់ពាណិជ្ជករបរទេសស្តីពី ចង់បានភាពងាយស្រួលកាន់តែច្រើន ខណៈពេលប្រកបអាជីវកម្មនិងវិនិយោគទុននៅប្រទេសចិន ប្រការទាំងនេះហាក់ដូចជាផ្តល់ «ឱសថពង្រឹងជំនឿចិត្ត» ដល់ទុនបរទេសដែលនឹងអភិវឌ្ឍនៅប្រទេសចិន។ ដូច្នេះយើងអាចមើលឃើញថា ហេតុអ្វីបានជាក្នុង «របាយការណ៍ពិនិត្យអង្កេតពីបរិយាកាស ប្រកបអាជីវកម្មរបស់ចិន» ប្រចាំឆ្នាំ២០២២ ដែលសភាពាណិជ្ជកម្មអាមេរិកនៅចិន ចេញផ្សាយនៅខែមីនាបានប្រកាសថា ប្រទេសចិននៅតែជាគោលដៅមួយ ក្នុងចំណោមគោលដៅវិនិយោគធំទាំងបី នៅលើពិភពលោក ដែលសហគ្រាស៦០ភាគរយមានផែនការចុះវិនិយោគ ក្នុងរយៈពេលខ្លីខាងមុខនេះ ជាងនេះទៅទៀត មានសហគ្រាស ៦៦ភាគរយ មានផែនការបន្ថែមវិនិយោគនៅចិនក្នុងឆ្នាំនេះ។

«ទ្វារបើកទូលាយរបស់ចិននឹងមិនបិទទេ ផ្ទុយទៅវិញនឹងបើកកាន់តែទូលំទូលាយ»។ នេះជាពាក្យសន្យាយ៉ាងមុតមាំរបស់ចិន ចំពោះពិភពលោក។ យោងតាមកិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ត្រូវបានអនុវត្ត លើវិស័យពាណិជ្ជកម្ម សេវាកម្មនិងវិនិយោគ ប្រទេសចិននឹងបន្ធូរបន្ថយកាន់តែទូលំទូលាយ និងកាន់តែច្រើននូវការដាក់កំហិត ចំពោះការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សាររបស់ប្រទេសចិន ដើម្បីផ្តល់ឱកាសកាន់តែច្រើនដល់សហគ្រាសទុនបរទេស៕