(ញូយ៉ក)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បុរសវ័យ១៨ឆ្នាំម្នាក់ បានធ្វើសកម្មភាពបាញ់មនុស្សស្លាប់ចំនួន១០នាក់ នៅផ្សារទំនើបមួយកន្លែង ស្ថិតក្នុងទីក្រុងបាហ្វេឡូ (Buffalo) នៃរដ្ឋញូយ៉ករបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២។

លោក ចូសេព ហ្ក្រាម៉ាកលៀ (Joseph Gramaglia) ស្នងការប៉ូលិសទីក្រុង Buffalo បានឱ្យដឹងថា ខ្មាន់កាំភ្លើងខាងលើ ដែលជាជនស្បែកស មានពាក់ឈុតការពារ ព្រមទាំងមុខការពារ នៅពេលធ្វើសកម្មភាពបាញ់ប្រហារ។ បើតាមលោក Gramaglia មនុស្សបាត់បង់ជីវិតក្នុងហេតុការណ៍នោះ មានចំនួន១០នាក់ និងរបួស៣នាក់ ហើយ១១នាក់ ក្នុងចំណោមជនរងគ្រោះ គឺជាជនស្បែកខ្មៅ។

កំលុងការធ្វើសកម្មភាព ខ្មាន់កាំភ្លើងបានបាញ់មនុស្ស៤នាក់ នៅឯចំណតរថយន្តរបស់ផ្សារទំនើបឈ្មោះ ថប់ (Tops) ក្នុងនោះ៣នាក់បានស្លាប់ ហើយក៏បានចូលទៅបាញ់ប្រហារ នៅខាងក្នុងផ្សារថែមទៀត។ ពេលដែលប៉ូលិសទៅដល់ ជននោះបានភ្ជង់កាំភ្លើងដាក់ករបស់ខ្លួន ហាក់ដើម្បីប្រុងធ្វើអត្តឃាត ប៉ុន្តែត្រូវបានប៉ូលិសនិយាយបញ្ចុះបញ្ចូល ហើយប្រគល់ខ្លួនឱ្យអាជ្ញាធរដោយសន្តិវិធី។

បើតាមអាជ្ញាធរអាមេរិក ជនសង្ស័យដែលត្រូវបានបង្ហាញអត្តសញ្ញាណថាមានឈ្មោះ ភេថុន ហ្កិនដ្រុន (Payton Gendron) គឺបានធ្វើការ livestream សកម្មភាពបាញ់ប្រហាររបស់ខ្លួនថែមទៀតផង។ បុរសវ័យ១៨ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកម្រិតទី១ ដែលអាចប្រឈមការជាប់ពន្ធនាគារមួយជីវិត ខណៈទីភ្នាក់ងារ FBI កំពុងស៉ើបអង្កេតករណីនេះ ក្រោមការសន្និដ្ឋានថាជា អំពើស្អប់ខ្ពើមរើសអើង និងហិង្សាជ្រុលនិយម៕