(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ នៅអ៊ុយក្រែន ពេលដែលលោកបានជួបសន្ទនាគ្នាតាមទូរស័ព្ទជាមួយ សមភាគីរុស្ស៉ីរបស់លោក គឺលោក សឺហ្គៃ ស៊ុយហ្គូ (Sergei Shoigu) ជាលើកដំបូង កាលពីថ្ងៃសុក្រសប្តាហ៍នេះ គិតចាប់តាំងពីរុស្ស៉ីបានធ្វើការឈ្លានពានលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០២២។

ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែន តាំងតែពីជិត៣ខែមុន លោក Austin បានព្យាយាមជាច្រើនលើក ដើម្បីជជែកជាមួយលោក Shoigu ប៉ុន្តែក្រុមមន្រ្តីអាមេរិកបាននិយាយថា ទីក្រុងមូស្គូហាក់មិនចាប់អារម្មណ៍នោះឡើយ។ យ៉ាងណាមិញ នាឱកាសជួបសន្ទនាគ្នា ជាលើកដំបូងនេះ លោកប្រមុខការពារជាតិអាមេរិក បានសង្កត់ធ្ងន់អំពីការរក្សាខ្សែទំនាក់ទំនងរវាងភាគីទាំងពីរ។

មន្រ្តីអាមេរិកម្នាក់បានបង្ហើបឱ្យដឹងថា កិច្ចសន្ទនាតាមទូរស័ព្ទនោះ មានរយៈពេលប្រហែលជា១ម៉ោង ប៉ុន្តែមិនបានដោះស្រាយបញ្ហាជាក់លាក់ណាមួយ ឬក៏នាំទៅការផ្លាស់ប្តូចំពោះ អ្វីដែលរុស្ស៉ីកំពុងតែធ្វើនៅអ៊ុយក្រែនឡើយ។ ដោយឡែក បើតាមប្រព័ន្ធផ្សាយ TASS របស់រុស្ស៉ី បញ្ហាពាក់ព័ន្ធសន្តិសុខអន្តរជាតិ ត្រូវបានលើកយកមកពិភាក្សា ក្នុងនោះរួមមានទាំងស្ថានការណ៍នៅអ៊ុយក្រែនផងដែរ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងរុស្ស៉ី បានបង្កើតខ្សែទូរស័ព្ទបន្ទាន់មួយ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន ដែលរុស្ស៉ីហៅថាជា ប្រតិបត្តិការពិសេសរបស់ខ្លួន ក្រោមគោលដៅទប់ស្កាត់ការគណនាខុសណាមួយ និងកុំឱ្យជម្លោះរីករាលដាលកាន់តែធំ៕