Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមប្រទេស G7 ទទូចឱ្យតាលីបង់ បញ្ឈប់ការរឹតត្បិតសិទ្ធិស្រ្តីតទៅទៀត (Video inside)

13-05-2022 13:26

(ប៉ារីស)៖ ក្រុមរដ្ឋមន្រ្តីការបរទេស នៃប្រទេសសេដ្ឋកិច្ចជឿនលឿន G7 កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា ការរឹតត្បិតកាន់តែខ្លាំងឡើងរបស់ក្រុមតាលីបង់ ទៅលើសិទ្ធិស្រ្តីនិងក្មេងស្រីៗ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន កំពុងធ្វើឱ្យប្រទេសតំបន់មជ្ឈិមបូព៌ាមួយនេះ កាន់តែឃ្លាតឆ្ងាយពីគេឯងថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ក្រុមរដ្ឋមន្រ្តីការបរទេស G7 និងប្រមុខនយោបាយការបរទេសសហភាពអឺរ៉ុប បានថ្លែងយ៉ាងដូច្នេះថា «ជាមួយចំណាត់ការរឹតត្បិតទាំងអស់ ក្រុមតាលីបង់កំពុងធ្វើឱ្យខ្លួនពួកគេ កាន់តែឃ្លាតឆ្ងាយពីសហគមន៍អន្តរជាតិថែមទៀត»។ សេចក្តីថ្លែងការណ៍ដដែល បានទទូចឱ្យតាលីបង់ធ្វើសកម្មភាពជាបន្ទាន់ ដើម្បីលុបចោលការរឹតត្បិតលើ ស្រី្តនិងក្មេងស្រីៗវិញ ហើយគោរពសិទ្ធិមនុស្សរបស់ពួកគេ។

គួរបញ្ជាក់ថា ក្រុមតាលីបង់ដែលបានឡើងកាន់កាប់អំណាច នៅពេលរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដែលគាំទ្រដោយអាមេរិកដួលរលំ នៅខែសីហា ឆ្នាំមុន បានចេញបញ្ជាកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ឱ្យស្ត្រីៗត្រូវបិទមុខរបស់ពួកគេ នៅតាមទីសាធារណៈ ខណៈវាគឺជាការបោះជំហានមួយទៀត ឆ្ពោះទៅរករបៀបរបបគ្រប់គ្រង តាមបែបជ្រុលនិយម កាលពីអតីតកាលរបស់តាលីបង់៕