(បែរឡាំង)៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡាមប្រេច (Cristine Lambrecht) នៅថ្ងៃសុក្រនេះ បានប្រកាសថា អាល្លឺម៉ង់បានឈានដល់កិច្ចព្រមព្រៀង ដើម្បីផ្គត់ផ្គង់ឱ្យអ៊ុយក្រែននូវប្រព័ន្ធកាំភ្លើងធំ ហៅថា ហោវីតសឺ (howitzer) ចំនួន៧គ្រឿង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២។

ប្រព័ន្ធកាំភ្លើងធំប្រភេទ ហោវីតសឺ នេះមានកង់អាចចល័តបានដោយខ្លួនឯង និងរូបរាងស្រដៀងគ្នាជាមួយរថក្រោះយ៉ាងដូច្នោះ។ យោងតាមយោធាអាល្លឺម៉ង់ កាំភ្លើងធំដែលនឹងត្រូវផ្តល់ឱ្យអ៊ុយក្រែន គឺមានសមត្ថភាពធ្វើការបាញ់ផ្លោងបាន រហូតដល់ចម្ងាយខ្ទង់ ៤០គីឡូម៉ែត្រ។ បើតាមលោកស្រី Lambrecht អាល្លឺម៉ង់នឹងផ្តល់ការហ្វឹកហាត់ប្រើប្រាស់សព្វាវុធនេះ ដល់កងទ័ពអ៊ុយក្រែន។ យ៉ាងណាមិញ កាលបរិច្ឆេទនៃការប្រគល់ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

គួរបញ្ជាក់ថា ប៉ុន្មានខែមកនេះ រដ្ឋាភិបាលអាល្លឺម៉ង់ ព្រមទាំងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) បានស្ថិតក្រោមដាក់សម្ពាធពីអ៊ុយក្រែនផង និងពីសំណាក់ក្រុមអ្នកនយោបាយក្នុងស្រុកផង សម្រាប់ការមិនព្យាយាមផ្តល់បរិក្ខារយោធាធុនធ្ងន់ ដើម្បីជួយអ៊ុយក្រែនការពារខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។

កាលពីចុងខែមេសាកន្លងទៅ អាល្លឺម៉ង់ក៏បានយល់ព្រម ប្រគល់ប្រព័ន្ធប្រឆាំងយន្តហោះ ហ្កេប៉ាដ (Gepard) ដល់អ៊ុយក្រែន ខណៈវាគឺជាសញ្ញាដំបូងនៃ ការផ្លាស់ប្តូររបស់រដ្ឋាភិបាលទីក្រុងបែរឡាំង ក្នុងការជួយគាំទ្រផ្នែកយោធាដល់ទីក្រុងកៀវ៕