(កៀវ)៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេននីស ស្ម៊ីហាល់ (Denis Shmyhal) បានប្រាប់សន្និសីទម្ចាស់ជំនួយ នៅក្នុងទីក្រុង វ៉ាសូវី (Warsaw) ថា ចាប់តាំងពីចុងខែកុម្ភៈមក ប្រទេសលោកខាងលិច បានផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុដល់អ៊ុយក្រែន ចំនួន១២ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២។

បើតាមទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន Ukrinform ដែលបានដកស្រង់សម្តីលោក Shmyhal, «ចាប់តាំងពីការចាប់ផ្តើម នៃសង្រ្គាមទ្រង់ទ្រាយធំមក អ៊ុយក្រែនបានទទួលជំនួយសរុបជាង ១២ពាន់លានដុល្លារ ក្នុងទម្រង់ជាការផ្គត់ផ្គង់អាវុធ
និងជំនួយហិរញ្ញវត្ថុ ខណៈដែលក្នុងកិច្ចប្រជុំតុមូលរបស់ធនាគារពិភពលោក នាទីក្រុងវ៉ាស៊ីនតោន កាលពីចុងខែមេសាកន្លងទៅ លោក Shmyhal បានថ្លែងថា អ៊ុយក្រែនត្រូវការជំនួយផ្នែកហិរញ្ញវត្ថុចន្លោះពី ៤ទៅ៥ពាន់លានដុល្លារ ក្នុង១ខែ
សម្រាប់ទស្សនវិស័យរយៈពេលខ្លីប៉ុណ្ណោះ»

គួរបញ្ជាក់ថា ជារឿយៗ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា ប្រតិបត្តិការពិសេសបស់ទីក្រុងមូស្គូ ដែលលោកខាងលិចហៅថាជាការឈ្លានពាន គឺមានគោលដៅបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធា
មិនមែនដើម្បីកាន់កាប់ទឹកដីអ៊ុយក្រែននោះទេ៕