(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបដិសេធចំពោះរបាយការណ៍ ដែលអះអាងថា ទីក្រុងវ៉ាស៊ីនតោន បានចែករំលែកព័ត៌មានការស៊ើបការណ៍សម្ងាត់ ជាមួយអ៊ុយក្រែន ដើម្បីកំណត់គោលដៅសម្លាប់ឧត្ដមសេនីយ៍រុស្ស៉ីជាច្រើននាក់។ នេះបើយោង តាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន The Hill នៅថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចន ឃឺប៊ី (John Kirby) បានទទួលស្គាល់ថា «សហរដ្ឋអាមេរិក ពិតជាផ្តល់ព័ត៌មានសម្ងាត់ ពីសមរភូមិ ដើម្បីជួយអ៊ុយក្រែនការពារប្រទេសរបស់ពួកគេ។ ប៉ុន្តែទីក្រុងកៀវ គឺជាអ្នកប្រមូលផ្ដុំព័ត៌មានដោយខ្លួនឯង ហើយធ្វើការសម្រេចចិត្ត និងធ្វើសកម្មភាព ដោយខ្លួនឯង។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Kirby បានធ្វើឡើងបន្ទាប់ពីកាសែតអាមេរិក New York Times បានរាយការណ៍ថាទីក្រុងវ៉ាស៊ីនតោនបានផ្ដល់ឱ្យ អ៊ុយក្រែននូវព័ត៌មានលម្អិតពាក់ព័ន្ធនឹងចលនាកងទ័ព និងទីតាំង ព្រមទាំងព័ត៌មានពីទីបញ្ជាការចល័តរបស់រុស្ស៉ី ហើយអ៊ុយក្រែនបានប្រើព័ត៌មានទាំងនេះ គួបផ្សំជាមួយព័ត៌មានសម្ងាត់ផ្ទាល់ខ្លួន ដើម្បីបើកការវាយប្រហារដោយកាំភ្លើងធំ និងការវាយប្រហារជាច្រើនដទៃទៀតដែលបានសម្លាប់ឧត្ដមសេនីយ៍រុស្ស៉ី យ៉ាងហោច ១២នាក់៕