(វ៉ាស៊ីនតោន)៖ សេតវិមាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាសហរដ្ឋអាមេរិកមានជំនឿចិត្តថាខ្លួនអាចដោះស្រាយរាល់កង្វល់ផ្នែកសន្តិសុខ របស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ នៅចន្លោះពេលបន្ទាប់ពីពួកគេដាក់ពាក្យសុំចូល NATO និងមុនពេលបក្សសម្ព័ន្ធយោធាមួយនេះទទួលយកប្រទេស ទាំង២ជាសមាជិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២។

ស៊ុយអែត និងហ្វាំងឡង់ត្រូវបានគេរាយការណ៍ថាអាចនឹងសម្រេចចិត្តថាតើគួរតែដាក់ពាក្យសុំចូល NATO ជាផ្លូវការ ឬក៏យ៉ាងណា នៅក្នុងខែឧសភានេះ ប៉ុន្តែ ព្រមពេលជាមួយគ្នា ក៏មានការព្រួយបារម្ភផងដែរពីការចាត់វិធានការឆ្លើយតបពីសំណាក់រុស្ស៉ី ដែលធ្លាប់ព្រមានអាមេរិក និង NATO ថាការទទួល យកប្រទេសទាំង២ ចូលជាសមាជិក នឹងបង្កផលវិបាកធ្ងន់ធ្ងរមិនអាចស្មានបាន។

យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ អ្នកនាំពាក្យសេតវិមាន លោកស្រី ជេន សាគី (Jen Psaki) បានបញ្ជាក់ដូច្នេះថា «យើងមាន ជំនឿចិត្តថាយើងអាចដោះស្រាយរាល់ក្ដីកង្វល់របស់ប្រទេសទាំង២ នៅចន្លោះពេលដាក់ពាក្យសុំចូលជាសមាជិក NATO និងក្រោយពេលត្រូវបានទទួល ស្គាល់ជាសមាជិកផ្លូវការ»

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្ដាហ៍នេះ, រដ្ឋមន្ត្រីការបរទេសស៊ុយអែត ក៏បានអះអាងដែរថាសហរដ្ឋអាមេរិកយល់ព្រមផ្ដល់ការធានាសន្តិសុខឱ្យស៊ុយអែត តែមិនបានបញ្ជាក់លម្អិតអ្វីផ្សេងលើសពីនេះទេ៕