(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាប្រទេសរបស់លោកនៅតែចង់រក្សា ទំនាក់ទំនងល្អជាមួយសូឡូម៉ុន បើទោះជាប្រទេសដែនកោះមួយនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយចិនក៏ដោយ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២។

ការលើកឡើងខាងលើរបស់លោក ម៉ូរីសុន កើតមានឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីសូឡូម៉ុន លោក ម៉ាណាស់សេស សូហ្កាវ៉ារ៉េ (Manasseh Sogavare) បានប្រាប់សភាកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា សូឡូម៉ុនកំពុងស្ថិតនៅក្រោមការគំរាមកំហែងឈ្លានពាន តែលោកមិនបានបញ្ជាក់ចំឈ្មោះថាជាប្រទេសណាមួយ នោះទេ ហើយក៏មិនបានបង្ហើបពីភស្តុតាងដើម្បីបញ្ជាក់ពីការអះអាងបែបនេះនោះដែរ។

ដោយឡែក ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានដែលសួរថាតើលោក សូហ្កាវ៉ារ៉េ ចង់សំដៅលើអូស្ត្រាលី ឬក៏យ៉ាងណា, លោក ម៉ូរីសុនបានបញ្ជាក់យ៉ាងខ្លី ដូច្នេះថា «វាមិនមែនជាការពិតនោះទេ»។ ចំណែកឯ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក ភីតធើ ឌូតតុន (Peter Dutton) ក៏បានអះអាងដែរថាលោកមិនជឿ ឡើយថាលោក សូហ្កាវ៉ារ៉េ ចង់និយាយសំដៅដោយផ្ទាល់លើអូស្ត្រាលី។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដូចជាអូស្ត្រាលីបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងសន្តិសុខរវាងចិន និងសូឡូម៉ុនដែលពួកគេ យល់ថាអាចនឹងបើកដៃឱ្យចិនដាក់មូលដ្ឋានទ័ព និងបំផ្លាញសន្តិភាព, ស្ថិរភាពក្នុងតំបន់។ ប៉ុន្តែ សូឡូម៉ុនបានច្រានចោលការចោទប្រកាន់បែបនេះ ដោយបញ្ជាក់ថាវានឹងមិនបំផ្លាញដល់សន្តិភាពតំបន់នោះឡើយ៕