(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កាំភ្លើងធំរបស់ខ្លួន បានវាយប្រហារទីតាំងជាច្រើនកន្លែងនៅក្នុងប្រទេសអ៊ុយក្រែនរយៈពេលពេញមួយយប់ ដោយបានសម្លាប់យុទ្ធជនអ៊ុយក្រែនជាង ៦០០នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២។

ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់ថា «កងកម្លាំងប្រដាប់អាវុធរុស្ស៉ី កំពុងបន្តប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន។ អ្នកជាតិនិយមជាង ៦០០នាក់ត្រូវបានសម្លាប់ ព្រមទាំងគ្រឿងសព្វាវុធ និងសម្ភារៈយោធាចំនួន ៦១គ្រឿងក៏ត្រូវបានបំផ្លាញផងដែរ»

ក្រសួងការពារជាតិរុស្ស៉ី បានបន្ថែមថា គ្រាប់មីស៉ីលរបស់ខ្លួន បានបំផ្លាញគ្រឿងប្រដាប់អាកាសចរណ៍នៅឯអាកាសយានដ្ឋាន Kanatovo ដែលស្ថិតនៅក្នុងតំបន់ Kirovohrad ភាគកណ្ដាលប្រទេសអ៊ុយក្រែន និងឃ្លាំងអាវុធដ៏ធំមួយដែលស្ថិតនៅក្នុងទីក្រុងមីកូឡេវ (Mykolaiv) ភាគខាងត្បូង។

គួរបញ្ជាក់ថា រុស្ស៉ីបានបញ្ជូនកងកម្លាំងប្រដាប់អាវុធរាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ក្នុងអ្វីដែលខ្លួនហៅថាជា ប្រតិបត្តិការយោធាពិសេសរបស់ខ្លួន ដើម្បីកម្ចាត់អ្នកជាតិនិយមដ៏គ្រោះថ្នាក់៕