(មូស្គូ)៖ ក្នុងអត្ថបទមួយដែលទើបចេញផ្សាយដោយ សារព័ត៌មានរុស្ស៉ី រ៉ូស្ស៉ីស្កាយ៉ា (Rossiyskaya) នាថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានអះអាងថា រុស្ស៉ីកំពុងព្យាយាមរក្សាទំនាកទាក់ទំនងល្អ និងប្រកបដោយភាពស្ថាបនាជាមួយប្រទេសទាំងអស់ ជាពិសេសអ្នកជិតខាង ដូចជាក្រុមប្រទេសអាស៉ីកណ្តាល ជាដើម។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២។

ក្នុងអត្ថបទខាងលើ លោក Lavrov បានថ្លែងយ៉ាងដូច្នេះថា «រុស្ស៉ីមានបំណងរក្សាភាពជាអ្នកជិតខាងល្អ រួមជាមួយកិច្ចសហប្រតិបត្តិការ ប្រកបដោយការស្ថាបនាជាមួយ បណ្តាប្រទេសទាំងអស់ ជាពិសេសជាមួយបណ្តាប្រទេសជិតខាង។ យើងគ្មានអ្វីក្រៅតែពីរីករាយចំពោះ ភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមប្រទេសអាស៉ីកណ្តាល ដែលភាគច្រើនសុទ្ធតែជាសម្ព័ន្ធមិត្តរបស់យើង»

នៅក្នុងនោះ លោកប្រមុខការទូតរុស្ស៉ីក៏បានបន្តថា ដោយខុសពីក្រុមប្រទេសលោកខាងលិចមួយចំនួន រុស្ស៉ីមិនចាត់ទុកតំបន់អាស៉ីកណ្តាល ជាសង្វៀនសម្រាប់ការប្រកួតប្រជែង ឥទ្ធិពលភូមិសាស្រ្តនយោបាយឡើយ។ បើតាមការពិពណ៌នារបស់ Lavrov ទំនាក់ទំនងរបស់រុស្ស៉ី ជាមួយតំបន់អាស៉ីកណ្តាល គឺពោរពេញដោយភាពចុះសម្រុង, ផ្តល់ប្រយោជន៍ទៅវិញទៅមក និងស្មើភាព ហើយប្រការទាំងនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់អំពី របៀបដែលកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព គួរតែត្រូវបានអភិវឌ្ឍរវាងប្រទេសនានា នៅក្នុងសតវត្សរ៍ទី២១។

គួរបញ្ជាក់ថា អត្ថបទខាងលើរបស់កាសែតរុស្ស៉ី ត្រូវបានចុះផ្សាយក្នុងឱកាសខួបទី៣០ នៃចំណងការទូតរវាងរុស្ស៉ីនិងតំបន់អាស៉ីកណ្តាល៕