(បូហ្គោតា)៖ មេឧក្រិដ្ឋជនគ្រឿងញៀនល្បីឈ្មោះបំផុតម្នាក់ នៅឯប្រទេសកូឡុំប៊ី ត្រូវបានធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក ដើម្បីប្រឈមមុខការកាត់ទោស ពីបទរត់ពន្ធគ្រឿងញៀន នៅទីនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២។

ដំណឹងនៃការធ្វើបត្យាប័នខាងលើ ត្រូវបានប្រកាសឱ្យដឹង តាមរយៈប្រព័ន្ធ Twitter ដោយប្រធានាធិបតីកូឡុំប៊ី លោក អ៉ីវ៉ាន់ ឌូគេ (Ivan Duque) កាលពីថ្ងៃពុធសប្តាហ៍នេះ ដែលបានហៅ លោក ដាអ៉ីរ៉ូ អាន់តូនីញ៉ូ អ៊ូស៊ូហ្កា (Dairo Antonio Usuga) មានឈ្មោះហៅក្រៅ អូតូនីញែល (Otoniel) ថា ជាមេរត់ពន្ធគ្រឿងញៀនដ៏គ្រោះថ្នាក់បំផុត នៅលើពិភពលោក។

លោក Usuga ត្រូវបានចាប់ខ្លួន នៅភាគពាយព្យប្រទេសកូឡុំប៊ី ក្បែរព្រំប្រទល់ប៉ាណាម៉ា កាលពីខែតុលា ឆ្នាំ២០២១ ក្រោយការបើកប្រតិបត្តិយោធាទ្រង់ទ្រាយធំ ដែលមានការចូលរួមពីទាហាន៥០០នាក់ គាំទ្រដោយឧទ្ធម្ភាគចក្រ២២គ្រឿង ហើយកំលុងពេលនោះ ប៉ូលិសម្នាក់បានបាត់បង់ជីវិត។

គួរបញ្ជាក់ថា មេគ្រឿងញៀនកូឡុំប៊ីរូបនេះ ត្រូវបានសហរដ្ឋអាមេរិក ចោទប្រកាន់ជាផ្លូវការ តាំងតែពីឆ្នាំ២០០៩ ហើយអាមេរិកបានប្រកាសផ្តល់ ប្រាក់រង្វាន់រហូតដល់៥លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការចាប់ខ្លួនលោក Usuga។ បើតាមការចោទប្រកាន់ របស់ទីក្រុងវ៉ាស៉ីនតោន លោក Usuga និងបណ្តាញគ្រឿងញៀន ហ្កោហ្វក្លេន (Gulf Clan) របស់លោក បានលួចនាំយកគ្រឿងញៀន ប្រភេទកូកាអ៉ីន យ៉ាងហោច៧៣តោន ចូលទៅកាន់សហរដ្ឋអាមេរិក កាលពីចន្លោះឆ្នាំ២០០៣-២០១២៕