(កាប៊ុល)៖ អាជ្ញាធរនៃប្រទេសអាហ្វហ្កានីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង ដែលបង្កឱ្យមានគ្រោះទឹកជំនន់ជន់លិចភ្លាមៗនោះ បានផ្ដាច់ជីវិតមនុស្សចំនួន ២២នាក់ ព្រមទាំងបំផ្លាញផ្ទះសម្បែងរាប់រយខ្នង និងខូចខាតដំណាំរាប់រយហិកតាផងដែរនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដែលកំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌រួចទៅហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២។

ប្រធានផ្នែកទំនាក់ទំនង និងព័ត៌មានប្រចាំនៅអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិអាហ្វហ្កានីស្ថាន លោក ហាស្ស៉ីប៊ូឡា ស៉ីខានី (Hassibullah Shekhani) បានគូសបញ្ជាក់ថា «ដោយសារតែព្យុះភ្លៀងបានបោកបក់លើប្រទេសអាហ្វហ្កានីស្ថាន ដែលបង្កឱ្យមានគ្រោះទឹកជំនន់ជន់លិចភ្លាមៗនៅក្នុងខេត្តចំនួន ១២, មនុស្សចំនួន ២២នាក់បានស្លាប់ និង ៤០នាក់ទៀតបានរងរបួស»។ ខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺខេត្តបាដហ្គីស (Badghis) និងហ្វាយ៉ាប (Faryab) ភាគខាងលិច រួមទាំងខេត្តបាកឡាន (Baghlan) ភាគខាងជើង។

លោក Shekhani បានបន្ថែមថា ផ្ទះសម្បែងចំនួន ៥០០ខ្នងត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ខណៈ ២,០០០ខ្នងទៀតបានរងការខូចខាត ហើយសត្វពាហនៈចំនួន ៣០០ក្បាលបានងាប់ និងដំណាំប្រហែល ៣,០០០ហិកតាបានរងការខូចខាត។

គួរបញ្ជាក់ថា អាហ្វហ្កានីស្ថាន បានទទួលរងនូវគ្រោះរាំងស្ងួតកាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការប្រែប្រួលអាកាសធាតុ ជាមួយនឹងទិន្នផលដំណាំធ្លាក់ចុះទាប ដែលបង្កើនការព្រួយបារម្ភអំពីបញ្ហាខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរ។ ការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យបញ្ហានៃភាពក្រីក្រកាន់តែធ្ងន់ធ្ងរដែលបណ្ដាលមកពីសង្រ្គាមជាច្រើនទសវត្សរ៍ ហើយបន្ទាប់មកដោយសារការធ្លាក់ចុះនៃជំនួយបរទេស និងការបង្កកទ្រព្យសម្បត្តិនៅបរទេស បន្ទាប់ពីពួកតាលីបង់បានវាយដណ្ដើមកាន់កាប់ប្រទេស ហើយកងកម្លាំងអាមេរិកបានដកថយចេញកាលពីខែសីហា ឆ្នាំ២០២១កន្លងទៅនេះ៕