(វ៉ាស៉ីនតោន)៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមអវកាសយានិកចំនួន៤រូប បានជិះយានអវកាស ចាកចេញពីស្ថានីយអវកាសអន្តរជាតិ ISS ដើម្បីធ្វើដំណើរឆ្ពោះចុះមកកាន់ផ្ទៃភពផែនដីវិញហើយ ក្រោយការបំពេញបេសកកម្មរយៈពេល៦ខែរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២។

យាន Crew Dragon របស់ក្រុមហ៊ុន SpaceX ដែលផ្ទុកអវកាសយានិក៣នាក់ របស់ទីភ្នាក់ងារអវកាសអាមេរិក NASA រួមជាមួយ អវកាសយានិកអាល្លឺម៉ង់ម្នាក់ មកពីទីភ្នាក់ងារអវកាសអឺរ៉ុប ESA បានចាកចេញពីស្ថានីយ ISS កាលពីវេលាម៉ោងជាង៥ទាបភ្លឺ ថ្ងៃព្រហស្បតិ៍នេះ (ម៉ោងសកល GMT) ដើម្បីចាប់ផ្តើមការធ្វើដំណើរត្រឡប់មកផ្ទៃភពរបស់យើងវិញ ដែលត្រូវគេរំពឹងថានឹងមានរយៈពេល២៣ម៉ោង។ យានអវកាសនេះ នឹងទម្លាក់ខ្លួននៅលើផ្ទៃសមុទ្រ ក្បែរឆ្នេររដ្ឋផ្លូរីដា ដោយប្រើឆត្រយោង។

គួរបញ្ជាក់ថា បេសកកម្មខាងលើ បានទៅដល់ស្ថានីយ ISS កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ វាជាបេសកកម្មស្នាក់នៅរយៈពេលយូរ លើកទី៣ហើយ ដែលធ្វើឡើងដោយ ក្រុមហ៊ុន SpaceX ទៅកាន់ស្ថានីយអវកាសអន្តរជាតិ សម្រាប់ទីភ្នាក់ងារអវកាស NASA៕