(តៃប៉ិ)៖ នៅថ្ងៃព្រហស្បតិ៍នេះ តៃវ៉ាន់បានដឹងថា ខ្លួនបានបោះបង់ចោលគម្រោង ទិញឧទ្ធម្ភាគចក្រទំនើបសម្រាប់ប្រឆាំងនាវាមុជទឹក ពីសហរដ្ឋអាមេរិក ដោយសារតែពួកវាមានតម្លៃខ្ពស់ពេក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២។

កន្លងមកនេះ ទីក្រុងតៃប៉ិបានឱ្យដឹងថា ខ្លួនមានផែនការទិញឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹកធុន MH-60R ចំនួន១២គ្រឿង ដែលផលិតដោយក្រុមហ៊ុន ស៉ីឃ័រស្គី (Sikorsky) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាមេរិក ឡុកឃីដ ម៉ាទីន (Lockheed Martin)។ ពាក់ព័ន្ធការសម្រេចចិត្តបោះបង់ គម្រោងទិញឧទ្ធម្ភាគចក្រនេះ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក ជីវ គូឆេង (Chiu Kuo-cheng) បានលើកឡើងថា «តម្លៃរបស់ពួកវាគឺខ្ពស់ពេក ដែលហួសពីទំហំនៃសមត្ថភាពរបស់យើង»។

គួរបញ្ជាក់ថា ការទិញសព្វាវុធ២ទៀតរបស់តៃវ៉ាន់ពីសហរដ្ឋអាមេរិក ក៏ត្រូវបានពន្យារពេលផងដែរ គឺប្រព័ន្ធកាំភ្លើងធំ M109A6 និង ប្រព័ន្ធមីស៉ីលប្រឆាំងយន្តហោះចម្បាំង ស្ទីងចឺ (Stinger) ខណៈដែលទីក្រុងវ៉ាស៉ីនតោន កំពុងផ្តោតសំខាន់ទៅលើ ការផ្គត់ផ្គង់ប្រភេទអាវុធទាំងនេះ ឱ្យទៅអ៊ុយក្រែន ដែលកំពុងបន្តស្ថិតក្នុងសង្រ្គាមជាមួយរុស្ស៉ី។

បច្ចុប្បន្ន តៃវ៉ាន់ ដែលត្រូវទីក្រុងប៉េកាំងចាត់ទុកត្រឹមជា ខេត្តមួយប៉ុណ្ណោះរបស់ប្រទេសចិន បាននិងកំពុងប្រឹងប្រែងធ្វើទំនើបកម្មយោធា ដើម្បីពង្រឹងសមត្ថភាពត្រៀមការពារខ្លួន ទប់នឹងការវាយប្រហារ ដែលអាចធ្វើឡើងដោយចិន៕