(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានថ្កោលទោសអនាគតប្រធានាធិបតីថ្មីកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ុល (Yoon Suk-yeol) ដែលបានប្តេជ្ញាថានឹង ចាត់វិធានការយ៉ាងតឹងរ៉ឹងជាងមុន ជុំវិញការបាញ់សាកល្បងមីស៉ីលរបស់ទីក្រុងព្យុងយ៉ាង ដោយពណ៌នា លោកថាជា «អ្នកគាំទ្រសហរដ្ឋអាមេរិក និងប្រកាន់ជំហរស្វែងរកការប្រឈមមុខដាក់គ្នា»។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២។

គេហទំព័រឃោសនាកូរ៉េខាងជើង អ៊ូរីមីនហ្សូគីរិ (Uriminzokkiri) បានគូសបញ្ជាក់ថា «លោក Yoon Suk-yeol បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង ជាមួយនឹងការលើកឡើងដោយមិនសមហេតុផលពីមុនៗ ដូចជា «ការវាយប្រហារទុកជាមុន» និង «សត្រូវចម្បង» និងបានបំផុសឱ្យភាពតានតឹងនៃការប្រឈមមុខដាក់គ្នា តាមរយៈការលើកឡើងអំពី «សម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក កាន់តែរឹងមាំ»

ការរិះគន់ខាងលើ គឺចង់គឺសំដៅលើការអត្ថាធិប្បាយរបស់លោក Yoon ដែលនិយាយថា លោកនឹងអនុញ្ញាតឱ្យមានការវាយប្រហារទុកជាមុន លើកូរ៉េខាងជើង ប្រសិនបើសញ្ញាប្រាកដប្រជាថា ទីក្រុងព្យុងយ៉ាងគ្រោង វាយប្រហារលើកូរ៉េខាងត្បូង រួមជាមួយការពិពណ៌នារបស់លោក អំពីប្រទេសជិតខាងមួយនេះថាជា «សត្រូវចម្បង»

គេហទំព័រឃោសនា Uriminzokkiri បានរិះគន់ យ៉ាងចាស់ដៃលើលោក Yoon Suk-yeol និងការជ្រើសរើសរដ្ឋមន្ត្រីការពារជាតិ ការបរទេស និងផ្នែកបង្រួបបង្រួមរបស់លោកថា «សុទ្ធតែជាអ្នកគាំទ្រ សហរដ្ឋអាមេរិក» ដែលបានស្វែងរកការប្រឈមមុខដាក់គ្នា នៅពេលបម្រើការក្នុងរដ្ឋាភិបាលមុនៗ។ គេហទំព័រឃោសនាកូរ៉េខាងជើង បានបន្ថែមថា «គ្មានអ្វីចម្លែកទេសម្រាប់លោក ក្នុងការតែងតាំងក្រុមអ្នក ដែលមាននិន្នាការគាំទ្រសហរដ្ឋអាមេរិក ដែលស្វែងរកការប្រឈមមុខដាក់គ្នា ជាមួយមនុស្សដូចគ្នា»

គួរបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញនេះ យោធាកូរ៉េខាងត្បូងបានរាយការណ៍ពី ការបាញ់សាកល្បងមីស៉ីលជាលើកទី១៤ របស់កូរ៉េខាងជើងនៅឆ្នាំ២០២២នេះ ដែលអ្នកវិភាគបានអះអាងថា អាចធ្វើឡើងក្នុងគោលបំណងសាកល្បងបច្ចេកវិទ្យាផ្កាយរណប ឈ្លបយកការណ៍របស់ខ្លួន៕