(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថាលោកនឹងពិភាក្សាជាមួយ មេដឹកនាំផ្សេងទៀតមកពីក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ ឬហៅកាត់ថា G7 ក្នុងសប្តាហ៍នេះ អំពីការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងរុស្ស៉ីជុំវិញ ការបន្តសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២។

រដ្ឋមន្រ្តីរតនាគារអាមេរិក លោកស្រី ជេនែត យែលលែន (Janet Yellen) បានឱ្យដឹងនៅក្នុងសន្និសីទកាសែតអាមេរិក Wall Street Journal ថា លោកស្រី នឹងមិនបង្ហាញសកម្មភាពជាក់លាក់ណាមួយ ដែលកំពុងស្ថិតក្រោមការពិចារណានោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកកំពុងពិភាក្សា ជាប្រចាំជាមួយដៃគូរបស់ខ្លួនអំពីការដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៉ី «ប្រសិនបើរុស្ស៉ីនៅតែបន្តសង្រ្គាមនេះប្រឆាំងនឹងអ៊ុយក្រែន»

លោក បៃដិន បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «យើងតែងតែបើកចំហចំពោះការដាក់ទណ្ឌកម្មបន្ថែម» នៅពេលដែលត្រូវបានសួរអំពីផែនការ របស់សហរដ្ឋអាមេរិក បន្ទាប់ពីសហភាពអឺរ៉ុបបានស្នើឱ្យដាក់ទណ្ឌកម្មដ៏តឹងតែងបំផុតរបស់ខ្លួនប្រឆាំងនឹងរុស្ស៉ី រួមទាំងការហ៊ុមព័ទ្ធប្រេង ជាដំណាក់កាលផងដែរ។ លោក បៃដិនបន្ថែមថា «ខ្ញុំនឹងពិភាក្សាជាមួយមេដឹកនាំផ្សេងទៀតនៃក្រុមប្រទេស G7 នៅសប្តាហ៍នេះអំពីអ្វីដែលយើងនឹងធ្វើ ឬមិនធ្វើ»

គួរបញ្ជាក់ថា សេតវិមានបានបដិសេធមិននិយាយថា នៅពេលណាដែលលោក បៃដិន នឹងពិភាក្សាជាមួយមេដឹកនាំផ្សេងទៀតនៃក្រុមប្រទេស G7 ដូចជា ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុន កាណាដា និងអ៉ីតាលីនោះទេ៕