(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអុ គីហ្ស៉ីដា (Fumio Kishida) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងពាណិជ្ជកម្ម ដែលជាផ្នែកមួយនៃគោលនយោបាយ ក្រោយកិច្ចព្រមព្រៀង Brexit របស់ចក្រភពអង់គ្លេស ក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២។

ជាមួយនឹងកិច្ចពិភាក្សាដែលរំពឹងថា នឹងផ្តោតលើវិធានការដាក់សម្ពាធលើប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ជុំវិញការឈ្លានពានលើអ៊ុយក្រែន, មេដឹកនាំទាំងពីរ ក៏នឹងយល់ព្រមជាគោលការណ៍នូវកិច្ចព្រមព្រៀងការពារជាតិដែលអនុញ្ញាតឱ្យកងកម្លាំងអង់គ្លេស និងជប៉ុនធ្វើការជាមួយគ្នាផងដែរ។

លោក ចនសុន នឹងប្រកាសកិច្ចព្រមព្រៀងសម្រួលដំណើរការគ្នាទៅវិញទៅមក (RAA) ក្នុង «ភាពជាដៃគូការពារជាតិដ៏សំខាន់» ដែលនឹងឃើញ កងកម្លាំងប្រដាប់អាវុធអង់គ្លេស និងជប៉ុនដាក់ពង្រាយរួមគ្នា ដើម្បីអនុវត្តការហ្វឹកហ្វឺនសមយុទ្ធ និងការធ្វើសកម្មភាពសង្គ្រោះគ្រោះមហន្តរាយរួមគ្នា។

លោក ចនសុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្នុងនាមជាប្រទេសប្រជាធិបតេយ្យដ៏អស្ចារ្យ... ចក្រភពអង់គ្លេស និងជប៉ុនកំពុងផ្តោត លើការបង្កើតការងារដែលមានជំនាញខ្ពស់ និងការធានាថាយើងនៅតែជាប្រទេសមហាអំណាចផ្នែកបច្ចេកវិទ្យា»។ លោកបានបន្ថែមថា «ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា (Kishida) នឹងពន្លឿនទំនាក់ទំនងការពារជាតិដ៏ជិតស្និទ្ធរបស់យើង និងពង្រឹងភាពជាដៃគូ ពាណិជ្ជកម្មរបស់យើង ដើម្បីជំរុញគំរោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងប្រទេស ព្រមទាំងគាំទ្រដល់របៀបវារៈនៃការបង្កើន កម្រិតរបស់យើងផងដែរ»

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ក៏នឹងសម្លឹងមើលការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ដោយកសាងលើកិច្ចព្រមព្រៀងដែលបានធ្វើឡើង កាលពីឆ្នាំ២០២០ កន្លងទៅនេះផងដែរ ដែលជាការកត់សម្គាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងរបស់ចក្រភពអង់គ្លេសក្រោយកិច្ចព្រមព្រៀង Brexit។ អតីតរដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេស លោក Greg Clark នឹងត្រូវតែងតាំងជាបេសកជនពាណិជ្ជកម្មប្រចាំប្រទេសជប៉ុន៕