(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) បានធ្វើតេស្តវិជ្ជមានកូវីដ ១៩ កាលពីរសៀលថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ខណៈលោកមានរោគសញ្ញាស្រាលប៉ុណ្ណោះ និងអាចបន្តធ្វើការពីផ្ទះ រហូតដល់លោកអាចត្រឡប់មកការិយាល័យ វិញបាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិក លោក នេត ប្រាយ (Ned Price) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «កាលថ្ងៃអង្គារ សប្តាហ៍នេះ លោក Blinken បានធ្វើតេស្តកូវីដ ១៩ ប៉ុន្តែអវិជ្ជមាន រហូតមកដល់រសៀលថ្ងៃពុធ ក្រោយការធ្វើតេស្តម្តងទៀត ទើបរកឃើញមានវិជ្ជមាន កូវីដ១៩។ តែដោយសារតែលោកបានចាក់វ៉ាក់សាំង ២ដូស រួមទាំងដូចជំរុញផងនោះ ទើបធ្វើឲ្យលោកមិនមានអាការៈអ្វីធ្ងន់ធ្ងរ»

គួរបញ្ជាក់ថា មន្រ្តីទូតកំពូលរបស់អាមេរិករូបនេះ ទើបតែបានជាមួយរដ្ឋមន្ត្រីការបរទេសស៊ុយអែត នៅព្រឹកថ្ងៃពុធ (ម៉ោងនៅវ៉ាស៊ីនតោន) បន្ទាប់ពី លោកបានជួបជាមួយរដ្ឋមន្រ្តីការបរទេសម៉ិកស៊ិក ដោយបានថ្លែងសុន្ទរកថានៅក្នុងសន្និសីទប្រចាំឆ្នាំ និងទិវាសេរីភាពសារព័ត៌មានពិភពលោក នៅឯ ក្រសួងការបរទេសអាមេរិក។ លោក Blinken ក៏ជាមន្រ្តីរដ្ឋាភិបាលមួយរូប ដែលបានលើកទឹកចិត្តដល់ប្រជាជនអាមេរិកទាំងអស់ទៅចាក់វ៉ាក់សាំង ឲ្យបានពេញលេញ រួមទាំងដូសជំរុញ ដើម្បីការពារខ្លួន និងមនុស្សជាទីស្រលាញ់របស់ពួកគេ ពីការវិវត្តទៅជាជំងឺកូវីដ ១៩ ធ្ងន់ធ្ងរ៕